
មុនពាក់មុខយក្សដាក់គ្នារឿងបញ្ហាព្រំដែន ថ្នាក់ដឹកនាំកម្ពុជា-ថៃ បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងគ្នាឱ្យឈានដល់១៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៧ តែយ៉ាងណាក្រុមអ្នកជំនាញបានវាយតម្លៃថា ផែនការនេះទំនងជាមិនអាចសម្រេចបាននោះទេ ដ្បិតវាត្រូវបានដុតបំផ្លាញខ្ទេចខ្ទាំដោយសារសង្រ្គាម៥ថ្ងៃបាត់ទៅហើយ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានវាយតម្លៃថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានធ្លាក់ដល់កម្រិតទាបបំផុតនាពេលនេះ បន្ទាប់ពីមានការបិទច្រកព្រំដែនគោករវាងគ្នា និងចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ភាពប្រះស្រាំនៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ទំនងជាមិនអាចវិលទៅរកភាពល្អប្រសើរដូចដើមវិញបាននោះទេ ខណៈផែនការរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យដល់១៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៧ ក៏មិនអាចសម្រេចបាននោះដែរ ដ្បិតផែនការនេះវាត្រូវបានដុតបំផ្លាញដោយសារបញ្ហាសង្រ្គាមចំនួន៥ថ្ងៃបាត់ទៅហើយ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា ទោះបីកម្ពុជា បានបិទត្រឹមការនាំចូលទំនិញមួយចំនួនពីថៃ ដូចជាបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈក៏ពិតមែន ប៉ុន្តែការឈ្លានពានទាំងកម្រោលរបស់កងទ័ពថៃ មកលើកម្ពុជា បានទាញទម្លាក់ការនាំចូលទំនិញនានាពីថៃ មកកាន់កម្ពុជា ឱ្យធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា លែងមានទំនុកចិត្ត និងធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ ដោយងាកមកគាំទ្រផលិតផលក្នុងស្រុក។
តាមរយៈបញ្ហានេះ អ្នកជំនាញរូបនេះ យល់ឃើញថា ការស្តារទំនាក់ទំនង និងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ទំនងជាត្រូវការចំណាយរយៈពេលយូរ ហើយក្នុងករណីអាចស្តារឡើងវិញបាន ក៏មិនអាចដូចដើមបាននោះដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បន្ទាប់ពីយោធាថៃ បានផ្តើមបិទច្រកព្រំដែនដោយឯកតោភាគី និងធ្វើសកម្មភាពឈ្លានពានមកលើកម្ពុជា ជាបន្តបន្ទាប់ បានជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានឃ្លាតឆ្ងាយគ្នាកាន់តែខ្លាំងទៅៗ និងបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ បើតាមអ្នកជំនាញរូបនេះ ទោះបីបច្ចុប្បន្ននៅតែមានទំនិញថៃ មួយចំនួនបន្តហូរចូលមកទីផ្សារកម្ពុជា តាមរយៈផ្លូវទឹក ឬច្រកព្រំដែនឡាវ ក៏ពិតមែន ប៉ុន្តែការគាំទ្រផលិតផលថៃ ពីសំណាក់ពលរដ្ឋកម្ពុជា គឺពុំដូចមុននោះទេ ដូច្នេះលោកជឿជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺពិបាកនឹងត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញណាស់ ហើយផែនការពង្រើកទំហំពាណិជ្ជកម្មទ្វេភាគីរវាងគ្នាឱ្យដល់១៥ពាន់លានដុល្លារនៅឆ្នាំ២០២៧នោះ ក៏ពុំអាចទៅរួចនោះដែរ។
គួរជម្រាបថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំប្រមាណ២ពាន់៤រយលានដុល្លារ មានការធ្លាក់ចុះ០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ៤៨៨លានដុល្លារ ខណៈថៃ នាំចូលមកកម្ពុជាវិញ មានទំហំជាង១ពាន់៩រយលានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕