តាមរយៈបណ្តាញសង្គម Truth Social នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីបំណងក្នុងការកំណត់អត្រាពន្ធនាំចូលថ្មីរហូតដល់១៥% ដោយលោកអះអាងថា វាត្រឹមត្រូវតាមច្បាប់សម្រាប់អនុវត្តនៅប៉ុន្មានខែខាងមុខ។ ការប្រកាសដំឡើងពន្ធរហូតដល់១៥%នេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិក កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ បានសម្រេចលុបចោលគម្រោងពន្ធបដិការ និងពន្ធពាក់ព័ន្ធនឹងសារធាតុហ្វេនតានីល របស់លោក។ ទោះបីជាលោក ត្រាំ បានថ្លែងថា ពន្ធទាំងនេះនឹងចូលជាធរមានភ្លាមៗក៏ដោយ ប៉ុន្តែតាមបច្ចេកទេសពន្ធ១០% ដែលបានប្រកាសមុននេះ ក៏មិនទាន់ត្រូវបានអនុវត្តនៅឡើយដែរ។
យោងតាមច្បាប់ពាណិជ្ជកម្មរបស់អាម៉េរិក ឆ្នាំ១៩៧៤ ប្រធានាធិបតី មានសិទ្ធិដាក់ពន្ធលើទំនិញនាំចូលទាំងអស់ក្នុងរយៈពេល ១៥០ថ្ងៃ ដើម្បីដោះស្រាយបញ្ហាឱនភាពតុល្យភាពការទូទាត់កម្រិតធ្ងន់ធ្ងរ។ សេចក្តីប្រកាសដែលបានចុះហត្ថលេខាកាលពីដើមសប្តាហ៍ បញ្ជាក់ថា ពន្ធថ្មីនឹងចាប់ផ្តើមអនុវត្តនៅម៉ោង១២:០១នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ខាងមុខ។ ទោះជាយ៉ាងណាភាពមិនច្បាស់លាស់នៅតែកើតមានថា តើអាម៉េរិកនឹងចាប់ផ្តើមយកពន្ធ១៥% តែម្តង ឬក៏អនុវត្ត១០%សិន រួចទើបដំឡើងតាមក្រោយ។
ច្បាប់ពាណិជ្ជកម្មអាម៉េរិក អនុញ្ញាតឱ្យរដ្ឋបាលប្រធានាធិបតី កំណត់ពន្ធខ្ពស់បំផុតត្រឹមតែ១៥%ប៉ុណ្ណោះ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីសភាឡើយ។ គិតត្រឹមព្រឹកថ្ងៃសៅរ៍ អង្គភាពគយ និងការពារព្រំដែនសហរដ្ឋអាម៉េរិកមិនទាន់បានចេញសេចក្តីណែនាំលម្អិតដល់ក្រុមហ៊ុននាំចូលនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា នឹងផ្តល់ព័ត៌មានលម្អិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុណ្ណោះ៕
អត្ថបទៈ សួន ឡង់ទី