
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ក្រោយព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានបិទដំណើរការ រាជរដ្ឋាភិបាល គួរតែយកទីតាំងនោះមួយផ្នែកធ្វើជាទីតាំងសម្រាប់បម្រើដល់ប្រតិបត្តិការហោះហើររបស់កងទ័ពអាកាស និងមួយផ្នែកធ្វើជាកន្លែងប្រវត្តិសាស្រ្តតាមរយៈការបង្កើតជាសារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្ត ក៏ដូចជាសារមន្ទីរយន្តហោះ និងកងទ័ពជាដើម។ បន្ថែមលើនេះ រាជរដ្ឋាភិបាល គួរយកមួយផ្នែកបង្កើតជាទីតាំងមហោស្របទំនើប និងកន្លែងតាំងពិពណ៌ផលិតផលខ្មែរ និងសកម្មភាពមួយចំនួនទៀត សំដៅប្រែក្លាយទីតាំងនេះទៅជាមជ្ឈមណ្ឌលទេសចរណ៍ និងប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាចជាផ្នែកមួយក្នុងការទាញចំណូលចូលសេដ្ឋកិច្ចជាតិ ផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា រាជរដ្ឋាភិបាល គួររក្សាទីតាំងហេដ្ឋារចនាសម្ព័ន្ធបែបប្រវត្តិសាស្រ្តមួយនេះទុកសម្រាប់ជើងហោះហើរក្នុងស្រុក និងជាមូលដ្ឋានសម្រាប់កងទ័ពជើងអាកាស។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល ក៏អាចយកទីតាំងព្រលានយន្តហោះនេះ បង្កើតទៅជាសួនច្បារសាធារណៈសម្រាប់ជាទីកម្សាន្តរបស់សាធារណជន និងទុករំលឹកអនុស្សាវរីយ៍ផងដែរ។
យ៉ាងណាមិញពលរដ្ឋដែលរស់នៅក្បែរនោះ និងធ្លាប់ទាញផលប្រយោជន៍ពីព្រលាននេះ មានអ្នកខ្លះចង់ឱ្យរក្សាទុកទម្រង់ដើម និងអ្នកខ្លះចង់ឱ្យបង្កើតជាសួនកម្សាន្ត ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចចូលលេងកម្សាន្ត និងអាចបម្រើផលប្រយោជន៍ដល់ពលរដ្ឋ ដែលរស់នៅក្បែរៗនោះ។
តែយ៉ាងណាបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ បិទដំណើរការ រាជរដ្ឋាភិបាលបានប្រគល់ឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងថែរក្សាព្រលានយន្តហោះនេះ ដែលវានៅតែស្ថិតជាកម្មសិទ្ធរបស់រដ្ឋ។ តែយ៉ាងណា ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ព្រលានយន្តហោះនេះសម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈក្នុងកម្រិតណាមួយនោះ គឺអាស្រ័យលើរាជរដ្ឋាភិបាល។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ លាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា និងអាកាសយានដ្ឋានដំបូងគេរបស់កម្ពុជា ដែលបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ១៩៥៧ និងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ដោយកាលនោះ មានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិ ពោធិ៍ចិនតុង ហើយអាកាសយានដ្ឋាននេះ ត្រូវបានបិទដំណើរការទាំងស្រុងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥៕