លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរបស់អាជ្ញាធររាជធានីភ្នំពេញ ព្រោះការលក់ដូររញ៉េរញ៉ៃលើចិញ្ចើមផ្លូវមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ និងអ្នកលក់ដូរខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញអនុវត្តវិធានការនេះឱ្យបានមានតម្លាភាពនៅគ្រប់ទីតាំងក្នុងរាជធានីភ្នពេញ ដែលមានការរំលោភបំពានលើផ្លូវសាធារណៈ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការរៀបចំឱ្យមានសណ្ដាប់ធ្នាប់លក់ដូរនៅតាមទីសាធារណៈវាជារឿងល្អ តែអាជ្ញាធរគួរតែមានការសិក្សាឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផលប៉ះពាល់ណាមួយដល់អ្នកលក់ដូរតូចតាច។ អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ថា ប្រសិនផ្សារដើមគ អាចអភិវឌ្ឍឱ្យមានច្រើនជាន់វាក៏ជាជម្រើសល្អប្រសើរមួយផងដែរ ដើម្បីអាចឱ្យអ្នកលក់ដូរតាមចិញ្ចើមផ្លូវទាំងនោះអាចត្រឡប់មកលក់ដូរនៅទីតាំងដដែលវិញ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានខេមបូណូមីសថា វិធានការដែលអាជ្ញាធរកំពុងអនុវត្តធ្វើឡើងចំពោះតែអ្នកលក់ដូរមិនមានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ ដូចជា លក់ដូរនៅលើចិញ្ចើមផ្លូវ និងដងផ្លូវដែលបង្កឱ្យកកស្ទះចរាចរណ៍តែប៉ុណ្ណោះ។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ មានទល់ពេលនេះ មានអាជីវករជាច្រើន ដែលព្រមផ្លាស់ប្តូរទៅលក់នៅទីតាំងថ្មីនៅផ្លូវខណ្ឌព្រែកព្នៅ ជាប់នឹងផ្លូវកប់ស្រូវ។ ទន្ទឹមនឹងនេះ លោកស្រី ស្នើឱ្យអ្នកលក់ដូរដែលមិនទាន់ព្រមទទួលយកសម្របសម្រួលរបស់អាជ្ញាធរចូលរួមសហការទាំងអស់គ្នា ដើម្បីរៀបចំបរិស្ថានឱ្យស្របតាមចំណាត់ថ្នាក់ដែលជនបរទេសបានចាត់ទុកទីក្រុងភ្នំពេញ ជាគោលដៅទេសចរណ៍ល្អបំផុតទាំង២០ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៦នេះ។
បើតាមការអះអាងរបស់សាលារាជធានីភ្នំពេញ អ្នកដែលស្ម័គ្រចិត្តទៅលក់ដូរនៅកន្លែងថ្មីនឹងទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើនដូចជា អត់គិតថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំ ហើយបន្ទាប់ពីនោះតម្លៃតូបត្រូវបានកំណត់ត្រឹមតែ៣០ដុល្លារក្នុងមួយខែប៉ុណ្ណោះដោយពុំមានប្រាក់កក់ និងទទួលបានការប្រើប្រាស់ទឹក និងភ្លើងដោយឥតគិតថ្លៃរយៈពេល៦ខែ ព្រមទាំងមិនគិតថ្លៃសេវាកម្មសម្អាតអនាម័យ និងថ្លៃប្រមូលសម្រាម។ ជាមួយគ្នានេះ នៅទីតាំងថ្មីនោះមានភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័យគ្រប់គ្រាន់ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀត៕
អត្ថបទ៖ ជា ម៉ារ៉ា