វិស័យការបរទេស

តើកម្ពុជា គួរត្រៀមសេណារីយ៉ូបែបណា ដើម្បីឆ្លើយតបជាមួយរដ្ឋាភិបាលថៃ ដឹកនាំដោយលោក អានុទីន?


ជ័យជម្នះបណ្តោះអាសន្នក្នុងការបោះឆ្នោតថ្នាក់ជាតិ របស់គណបក្សភូមិចៃថៃ ដែលដឹកនាំដោយលោក អានុទីន ឆានវីរៈគុល បានក្លាយជាប្រធានបទក្តៅសម្រាប់អ្នកវិភាគ។ ទោះបីទំនាក់ទំនងជារួមរវាងកម្ពុជា និងថៃនឹងមិនមានការប្រែប្រួលខ្លាំង ប៉ុន្តែតាមរយៈវោហារសាស្ត្រនយោបាយកន្លងមករបស់លោក អានុទីន បានធ្វើឱ្យអ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកតាមដានសា្ថនការណ៍សង្គមហាក់បារម្ភពីការកើនឡើងភាពតានតឹងនៅបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
វិស័យការបរទេស
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានវាយតម្លៃថា លទ្ធផលឆ្នោត ដែលផ្តល់ជ័យជម្នះដល់លោក អានុទីន ហាក់ឆ្លុះបញ្ចាំងពីការគាំទ្ររបស់ម្ចាស់ឆ្នោតថៃ មួយផ្នែកទៅលើវោហារសាស្ត្រជាតិនិយមជ្រុល។ កន្លងមកលោក អានុទីន ធ្លាប់បានប្រើប្រាស់ភាសានយោបាយធ្ងន់ៗពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដើម្បីទាញយកសំឡេងឆ្នោត។ អ្នកជំនាញរូបនេះជឿជាក់ថា ថៃក្រោមការដឹកនាំរបស់លោក អានុទីន នឹងមិនធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការប្រែប្រួលនោះទេ ផ្ទុយទៅវិញវាអាចធ្វើឱ្យមានភាពតានតឹង និងអាចប្រឈមហានិភ័យនៃលទ្ធភាពក្នុងការផ្ទុះសង្រ្គាមនៅជុំទី៣។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលថៃ ជ្រើសរើសការបន្តធ្វើសង្រ្គាមឈ្លានពានកម្ពុជា នោះនឹងធ្វើឱ្យប្រទេសថៃ ប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ការទូត និងមុខមាត់នៅលើឆាកអន្តរជាតិ ស្របពេលថៃកំពុងត្រូវបានគេចាត់ទុកថា ជាអ្នកជំងឺនៅអាស៊ី។ ស្ថិតក្នុងស្ថានភាពនេះកម្ពុជា ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង ពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងកែទម្រង់ផ្ទៃក្នុង។

​ស្រដៀងគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានចាត់ទុកលទ្ធផលឈ្នះឆ្នោតរបស់លោក អានុទីន ឆានវីរៈគុល បានបង្ហាញឱ្យឃើញថា ពលរដ្ឋថៃបានគាំទ្រនូវគោលនយោបាយបង្កអរិភាពជាមួយកម្ពុជា។ ការណ៍នេះ វាអាចធ្វើឱ្យការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនឹងបន្តអូសបន្លាយ ហើយពួកគេ ក៏មិនចាកចេញពីទីតាំងដែលកំពុងកាន់កាប់នោះដែរប្រសិនបើមិនមានការអន្តរាគមន៍ពីអន្តរជាតិ។ បើតាមលោកបណ្ឌិត ជ័យ តិច នៅក្នុងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជាត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការការទូតជាមួយសហគមន៍អន្តរជាតិ និងដាក់ពាក្យបណ្ដឹងទៅស្ថាប័នអន្តរជាតិ និងទាញយកផលប្រយោជន៍ពីស្ថាប័នក្រុមប្រឹក្សាសន្តិភាព ព្រមទាំងពង្រឹងវិស័យការពារជាតិជាដើម។

​សូមរំលឹកថា តាមលទ្ធផលបណ្ដោះអាសន្ន គណបក្សភូមិចៃថៃ ទទួលបានអាសនៈរហូតដល់១៩៤ ដែលជាចំនួនឈានមុខគេ។ កង្វល់ធំនៅពេលនេះ គឺការប្រកាសជំហររបស់លោក អានុទីន ដែលថា យោធាថៃនឹងមិនចាកចេញពីទីតាំងឈរជើងនៅតំបន់មានវិវាទឡើយ ដែលនេះជាសញ្ញាមួយបង្ហាញថា បញ្ហាព្រំដែនកម្ពុជា-ថៃអាចនឹងបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ក្រោមរដ្ឋាភិបាលថ្មីនេះ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកការធ្វើពហិការជាអាវុធដ៏សំខាន់ក្នុងកាត់ទំនិញថៃ នៅលើទីផ្សារកម្ពុជា និងស្នើឱ្យពលរដ្ឋបង្កើនការធ្វើពហិការបន្ថែមទៀត

ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរមានភាពផុសផុលយ៉ាងខ្លាំងចាប់តាំងពីយោធាថៃ បានឈ្លានពានមកលើទឹកដីកម្ពុជា យ៉ាងកំរោល ប៉ុន្…

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បើកបង្ហាញពីការវិវឌ្ឍថ្មី នៃផលិតផល ដែកទីប ស អាយ.អេស.អាយ របស់ខ្លួន ជាមួយនឹងគុណភាពកាន់តែពិសេសជាងមុន

អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាក្រុមហ៊ុនខ្មែរឈានមុខគេ ក្នុងការផលិតដែកទីប ស និងដុំរ៉ូឡូដែក ស កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ