ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញស្នើឱ្យរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់លើការផ្គត់ផ្គង់ប្រេងសម្រាប់វិស័យ កសិកម្ម ប្រសិនបើវិបត្តិនេះធ្លាក់ចូលកាន់តែជ្រៅ។
លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម បានគូសបញ្ជាក់ថា តម្លៃប្រេងហក់ឡើងខ្ពស់យ៉ាងគំហុកនាពេលនេះ បានក្លាយជាសម្ពាធថ្មីថែមមួយកម្រិតទៀតសម្រាប់វិស័យកសិកម្មរបស់កម្ពុជា ដែលកសិករត្រូវប្រឈមមុខនឹងការចំណាយថ្លៃដើមខ្ពស់ស្រាប់រួចទៅហើយនោះ។ អ្នកជំនាញរូបនេះបារម្ភថា ការខាតបង់ប្រាក់ចំណូលរបស់កសិករ តាមរយៈតម្លៃប្រេងហក់ឡើងខ្ពស់នេះ ទំនងជាមានក្នុងកម្រិតខ្ពស់ ជាពិសេសកសិករខ្នាតតូចតែម្តង។ ក្នុងន័យនេះ លោក សុខ សុថា ស្នើឱ្យរាជរដ្ឋាភិបាលជួយរក្សាតម្លៃប្រេងជាអាទិភាពសម្រាប់វិស័យកសិកម្ម ដើម្បីជួយសម្រាលបន្ទុកដល់កសិករ។
ជាមួយគ្នានេះ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយជឿជាក់ថា ប្រសិនបើតម្លៃប្រេងនៅតែបន្តកើនឡើងខ្ពស់ នោះប្រាកដណាស់វានឹងប៉ះពាល់ខ្លាំងដល់ការធ្វើកសិកម្មរបស់កម្ពុជា ហើយវាកាន់តែធ្ងន់ធ្ងរថែមទៀត ប្រសិនបើឈានដល់ការខ្វះខាតប្រេងប្រើប្រាស់តែម្តង ដ្បិតប្រេងគឺជាធាតុចូលកសិកម្មដ៏សំខាន់មួយ។
សម្រាប់អ្នកជំនាញរូបនេះ ក្នុងករណីផលប៉ះពាល់នៃវិបត្តិនេះមានកាន់តែធ្ងន់ធ្ងរ នោះរាជរដ្ឋាភិបាលគួរមានវិធានការ ដើម្បីជួយសម្រាលបន្ទុកដល់កសិករ ពោលគឺត្រូវថ្លឹងថ្លែង និងបែងចែកស្តុកប្រេងទៅកាន់វិស័យណាដែលមានអាទិភាពខ្ពស់ និងសំខាន់ជាមុន តួយ៉ាងសម្រាប់វិស័យកសិកម្ម កសិផលណាដែលមានតម្លៃខ្ពស់ និងចាំបាច់ គួរជួយសង្រ្គោះមុខដំណាំនោះមុន។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលស្គាល់ថា តម្លៃប្រេងនៅកម្ពុជាពិតជាមានការកើនឡើងមែននាពេលនេះ ដោយសារតម្លៃប្រេងសកលហក់ឡើងខ្ពស់ក្រោយមានសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ ទន្ទឹមនេះ ប្រជាកសិករនៅតែអាចបន្តទិញប្រេងយកទៅប្រើប្រាស់សម្រាប់បម្រើដល់តម្រូវការប្រចាំថ្ងៃរបស់ខ្លួនជាធម្មតា ដោយមកទល់ពេលនេះ កម្ពុជា ពុំទាន់មានបញ្ហាប្រឈមខ្វះខាតប្រេងសម្រាប់ប្រើប្រាស់នោះទេ ហើយបាន និងកំពុងបន្តនាំចូលជាប្រក្រតី។ ការបញ្ជាក់បែបនេះរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងក្រោយមានកសិករមួយចំនួនបានត្អូញត្អែរពីការខ្វះខាតប្រេង សម្រាប់ប្រើប្រាស់ក្នុងការធ្វើកសិកម្មរបស់ពួកគេ។
បើតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈដែលត្រូវអនុវត្តលក់នៅកម្ពុជាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សម្រាប់ប្រេងសាំងធម្មតាបានហក់ឡើងដល់៤,៤០០រៀលក្នុង១លីត្រកើនឡើង៥៥០រៀលបើធៀបនឹងតម្លៃចាស់៣,៨៥០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតបានហក់ឡើងដល់៥,១៥០រៀលក្នុង១លីត្រកើនឡើង១,៣០០រៀលបើធៀបនឹងតម្លៃចាស់៕