លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ កត់សម្គាល់ឃើញថា មកដល់ពេលនេះការផ្គត់ផ្គង់ជីគីមី ដែលមានគុណភាពល្អហាក់នៅមានកម្រិត ពោលគឺពុំសូវមានក្នុងស្តុកច្រើននោះទេ បើធៀបនឹងមុនពេលមានវិបត្តិប្រេងកើតឡើង។ បើតាមអ្នកជំនាញរូបនេះ នៅមួយរយៈចុងក្រោយនេះ តម្លៃជីគីមីមានការឡើងថ្លៃបន្តិចបន្តួចផងដែរ។ ការណ៍នេះត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា អាចនឹងធ្វើឱ្យកសិករផ្លាស់ប្ដូរទម្លាប់ដោយងាកមកប្រើប្រាស់ជីធម្មជាតិ ឬជីកែច្នៃក្នុងស្រុកវិញ ប្រសិនបើតម្លៃជីគីមីបន្តឡើងថ្លៃ និងពុំមានស្តុកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងការដាំដុះ។
មិនខុសគ្នានោះទេ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅក្នុងខែមីនា នេះ តម្លៃជីគីមីបានឡើងថ្លៃចន្លោះពី៥០ដុល្លារទៅ៦០ដុល្លារក្នុង១តោន ដែលអាចប៉ះពាល់ដល់ថ្លៃដើមក្នុងផលិតកម្មកសិកម្ម។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ មានក្រុមហ៊ុននាំចូលជីមួយចំនួន ក៏ពុំទាន់ហ៊ានទទួលការកក់ទុកនោះដែរ។ តែយ៉ាងណា ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ប្រសិនបើជីគីមីនៅតែឡើងថ្លៃ និងមិនអាចទទួលយកបាននោះអាចធ្វើឱ្យកសិករជ្រើសរើសការប្រើប្រាស់ជីកែច្នៃ ដែលផលិតក្នុងស្រុកជំនួសវិញ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា នាពេលថ្មីៗនេះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយបណ្ដាក្រុមហ៊ុនចែកចាយជីកសិកម្មមួយចំនួន ដើម្បីវាយតម្លៃពីស្ថានភាព នៃផលប៉ះពាល់ ដែលកើតចេញពីវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា។ បើតាមអ្នកនាំពាក្យរូបនេះ ការផ្គត់ផ្គង់ជីនៅពុំទាន់មានបញ្ហាចោទខ្លាំងនៅឡើយទេ ប៉ុន្តែតម្លៃអាចនឹងមានការកើនឡើង។ តែយ៉ាងណាឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានទទួចដល់ក្រុមហ៊ុននាំចូលជីឱ្យពិនិត្យលទ្ធភាព និងមានការរក្សានូវការឡើងថ្លៃដែលស្ថិតក្នុងកម្រិតណាមួយដែលកសិករអាចទទួលយកបាន។
សូមបញ្ជាក់ថា វិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យទីផ្សារប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់គួរឱ្យព្រួយបារម្ភ ដោយសារការបិទខ្ទប់នាវាដឹកជញ្ជូននៅច្រកសមុទ្រហ័រម៉ូស និងកំពុងគំរាមកំហែងសន្តិសុខស្បៀងនៅអាស៊ី។ ជាក់ស្ដែងមានកប៉ាល់ដឹកទំនិញធំៗដែលផ្ទុកជីអ៊ុយរ៉េ ស្ពាន់ធ័រ ផូស្វាត និងជីផ្សេងៗទៀតប្រមាណជិត១លានតោនកំពុងជាប់គាំងនៅច្រកសមុទ្រហ័រម៉ូសផងដែរ៕
អត្ថបទ៖ បូ ដូឡា