តម្រូវការប្រើប្រាស់ប្រេង ទូទាំងសកលលោក បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែវិបត្តិមេរោគកូវីដ១៩ ហើយការផ្គត់ផ្គង់ប្រេង ក៏មានការថមថយចុះដូចគ្នាដែរ ក៏ប៉ុន្តែវាថយចុះក្នុងល្បឿនយឺត ដែលធ្វើឲ្យ ប្រេង ដែលបូមរួច មិនមានកន្លែងស្តុកទុកគ្រប់គ្រាន់នោះឡើយ ជាហេតុបណ្តាលឲ្យ តម្លៃប្រេងធ្លាក់ចុះដល់ ដកក្រោមសូន្យ ជាលើកដំបូងបង្អស់។
ផលប៉ះពាល់នេះ បានបង្ខំឲ្យមានការគណនា និងវិភាគឡើងវិញ សម្រាប់វិស័យប្រេង ហើយក្នុងនោះ មានក្រុមហ៊ុនផលិតប្រេងជាច្រើន បានលុបចោលនូវ គម្រោងខួងយកប្រេង ហើយខ្លះទៀត ក៏សម្រេចបញ្ឈប់ដំណើរការ ការខួងអណ្តូងប្រេងដែលមានស្រាប់ទៀតផង។
បើតាមទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានគូសបញ្ជាក់ថា ប្រជាជនច្រើនជាង ៣ពាន់លាននាក់ ទូទាំងសកលលោក កំពុងរស់នៅក្នុងការចាក់សោរបិទទីក្រុង ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានផ្អាកជើងហោះហើរ សូម្បីតែរោងចក្រជាច្រើន ក៏បិទទ្វារ ដែលធ្វើឲ្យ តម្រូវការប្រើប្រាស់ អាចនឹងថយចុះប្រមាណ ៩,៣លានបារ៉ែល ក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ ២០២០។
អង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្ត រួមជាមួយប្រទេសរុស្ស៊ី បានសម្រេចកាត់បន្ថយផលិតកម្មប្រេងជាង ១០លានបារ៉ែល ក្នុងមួយថ្ងៃ ចាប់ផ្តើមពី ខែឧសភា តទៅ ដើម្បីជួយស្រោចស្រង់ដល់តម្លៃប្រេងឡើងវិញ ដែលជម្រុញឲ្យអាមេរិក និងប្រទេសផលិតប្រេងដទៃទៀត សម្រេចកាត់បន្ថយផលិតកម្មដូចគ្នាដែរ។
តម្លៃប្រេងអាមេរិក ធ្លាក់ចុះរហូតដល់ ដក៣៧ដុល្លារអាមេរិក ក្នុងមួយបារ៉ែល កាលពីថ្ងៃទី ២០ ខែមេសា គឺជាបញ្ហាដ៏ធំមួយ ពីព្រោះ អ្នកដែលបានចុះកុងត្រាទិញប្រេងសម្រាប់ខែឧសភា ត្រូវតែដឹកជញ្ជូនប្រេងជាច្រើនលានបារ៉ែល នៅពេលដែលកុងត្រាផុតកំណត់ ក៏ប៉ុន្តែ គ្មានអ្នកណាចង់បាន ប្រេងឆៅទាំងអស់នោះ ក្នុងខែឧសភានោះទេ ព្រោះគ្មានកន្លែងស្តុកទុកប្រេង ហើយថ្លៃឈ្នួលស្តុកទុកប្រេង ក៏កើនឡើងខ្លាំងថែមទៀត។
កាលពីថ្ងៃទី ២១ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងជួយស្រោចស្រង់ដល់ វិស័យប្រេង និងថាមពលអាមេរិក មិនឲ្យមានការក្ស័យធន និងបាត់បង់ការងារជាច្រើននោះទេ ដោយរដ្ឋាភិបាលអាមេរិក នឹងបង្កើតកញ្ចប់មូលនិធិ សម្រាប់ជួយដល់ក្រុមហ៊ុនប្រេង និងហ្គាស ក្នុងរយៈពេលវែង ក៏ប៉ុន្តែគ្មានព័ត៌មានលម្អិតត្រូវបានបង្ហាញនោះទេ។
អ្នកវិភាគមកពីក្រុមហ៊ុន Goldman Sachs បានគូសបញ្ជាក់ថា ម្ចាស់កុងត្រាទិញប្រេងសម្រាប់ខែឧសភា ពិតជាធ្លាប់បានបង្ហាញឆន្ទៈ ក្នុងការបង់ប្រាក់ ជួលឲ្យនរណាម្នាក់ ជួយពួកគេចេញពី ដំណាក់កាលដ៏លំបាកនេះ ព្រោះគេមិនចង់ទទួល ប្រេងឆៅ នៅក្នុងខែឧសភានោះឡើយ។
អ្នកវិភាគមកពី ក្រុមហ៊ុន Mizuho បានមានប្រសាសន៍ដែរថា តម្លៃប្រេងឆៅរបស់អាមេរិក អាចនឹងធ្លាក់ដល់ ដក ១០០ដុល្លារ នៅក្នុងខែឧសភា ពីព្រោះ ជាក់ស្តែង បញ្ហាប្រេងឆៅ គឺពិបាកទុកដាក់ ងាយនឹងបង្កហេតុ បំពុលដល់បរិស្ថាន ហើយគ្មានប្រយោជន៍នោះទេ បើសិនជាគ្មាន រោងចក្រចម្រាញ់ប្រេង។
គិតត្រឹមថ្ងៃទី ២៥ ខែមេសា តម្លៃប្រេងឆៅរបស់ អាមេរិក West Texas Intermediate បានកើនឡើងមកវិញ មកនៅត្រឹម ១៧,១៨ដុល្លារ ក្នុងមួយបារ៉ែល ខណៈ តម្លៃទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស បានចុះបន្តិចវិញមកនៅត្រឹម ២១,៨ ដុល្លារក្នុងមួយបារ៉ែល។
ជាចុងក្រោយ អ្នកជំនាញនៅក្នុងវិស័យថាមពលអន្តរជាតិ សុទ្ធតែរំពឹងថា តម្លៃប្រេងនៅលើទីផ្សារសកលលោក នឹងហក់ឡើងវិញនៅពេលដែល វិបត្តិកូវីដ១៩ ត្រូវបានដោះស្រាយ ពីព្រោះតម្រូវការប្រើប្រាស់ប្រេង នឹងកើនឡើងវិញ ខណៈដែរ ការផ្គត់ផ្គង់ប្រេងនៅមានកម្រិតទាប ពុំអាចឆ្លើយតបទៅនឹង តម្រូវការបានភ្លាមៗនោះទេ ដោយសារតែរោងចក្រចម្រាញ់ប្រេងជាច្រើន បានប្រកាសក្ស័យធនអំឡុងពេលមានវិបត្តិនេះ ហើយខ្លះទៀត ជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ដែលត្រូវការពេលវេលា ដើម្បីត្រលប់មករកសភាពដើម៕