​ទីផ្សារទំនិញ

តើតម្លៃត្រី សាច់ និងស៊ុតមានការប្រែប្រួលយ៉ាងណាក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងជិត១ខែកន្លងមកនេះ?


ឥទ្ធិពល នៃការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈកំពុងបង្កជាព្យុះសេដ្ឋកិច្ចបោកបក់លើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។ ខណៈដែលតម្លៃសាច់ជ្រូក និងស៊ុតមាន់បង្ហាញសញ្ញាកើនឡើង តម្លៃត្រីចិញ្ចឹមនៅតាមស្រះបែរជាធ្លាក់ចុះទៅវិញ ដែលបង្កឱ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងពីមហាជន។ ស្ថានភាពនេះបានរុញច្រានឱ្យក្រុមអ្នកចិញ្ចឹមសត្វ និងវារីវប្បករបង្ហាញក្ដីបារម្ភពីស្ថិរភាពអាជីវកម្ម និងបានអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍លើតម្លៃថាមពល ដើម្បីទប់ទល់នឹងថ្លៃដើមផលិត ដែលកំពុងហក់ឡើង។
​ទីផ្សារទំនិញ
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ការហក់ឡើងតម្លៃប្រេងឥន្ធនៈដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាជិត១ខែកន្លងមកនេះមិនទាន់ជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា នោះទេ។ បើតាមការវាយតម្លៃរបស់ប្រធានសមាគមរូបនេះ មកទល់ពេលនេះវិស័យចិញ្ចឹមសត្វនៅកម្ពុជា បានរងផលប៉ះពាល់ចន្លោះពី៣ ទៅ៥%ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ តម្លៃជ្រូករស់បានហក់ឡើងថ្លៃដោយបច្ចុប្បន្នអាចលក់បានចន្លោះពី១,១០០០រៀលទៅ១,២០០០រៀលក្នុងមួយគីឡូក្រាម។

មិនខុសគ្នានោះទេ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានអះអាងថា បច្ចុប្បន្នតម្លៃជ្រូករស់បានហក់ឡើងដល់១,២០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យតម្លៃសាច់ដាក់លក់នៅលើទីផ្សារមានការកើនឡើងទៅតាមនឹងផងដែរ ដែលកត្តានេះកំពុងបង្កជាក្តីបារម្ភដល់អ្នកបរិភោគចុងក្រោយ។ យ៉ាងណាមិញ ប្រធានសមាគមរូបនេះ ស្នើឱ្យក្រុមហ៊ុនចិញ្ចឹមសត្វជ្រូកធំៗក្នុងស្រុក កុំដំឡើងថ្លៃជ្រូករស់បន្ថែមទៀត ដើម្បីជៀសវាងការប៉ះពាល់ដល់ជីវភាពអ្នកបរិភោគ ស្របពេលដែលចំនួនអ្នកចិញ្ចឹមជ្រូកខ្នាតតូចក្នុងស្រុកកំពុងថយចុះគួរឱ្យកត់សម្គាល់។

មិនមែនមានតែតម្លៃសាច់ជ្រូកនោះទេ ដែលបានហក់ឡើង សូម្បីស៊ុតមាន់ និងស៊ុតទា ក៏មានការកើនឡើងផងដែរ។ បើតាមលោក យន់ ងន់ហុង អនុប្រធានសហគមន៍ចិញ្ចឹមមាន់ស៊ុតខេត្តកំពង់ស្ពឺ បច្ចុប្បន្នស៊ុតមាន់លេខ២ ដែលឈ្មួញចុះទៅប្រមូលប្រទិញដល់កសិដ្ឋានមានតម្លៃ២៩០រៀលក្នុងមួយគ្រាប់ ខណៈកាលពីខែមុនអាចលក់បានត្រឹមតែ២៦០រៀលក្នុងមួយគ្រាប់ប៉ុណ្ណោះ។

តែទោះជាយ៉ាងណា ប្រធានសមាគមរូបនេះអះអាងថា តម្លៃនេះមិនអាចផ្តល់ប្រាក់ចំណេញដល់កសិករនោះទេ បើទូទាត់នឹងការចំណាយលើថ្លៃចំណីសត្វ តម្លៃប្រេងឥន្ធនៈដែលកំពង់ហក់ឡើង និងកម្លាំងពលកម្ម។

ស្របពេលតម្លៃសាច់ជ្រូក និងស៊ុតមានការកើនឡើង តម្លៃត្រីឯណោះវិញបែរជាមានការធ្លាក់ចុះទៅវិញ។ ជាក់ស្តែងបើតាមការអះអាងរបស់លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករនៅកម្ពុជា តម្លៃត្រីរ៉ស់ចាប់ដល់កសិដ្ឋានអាចលក់បានក្នុងរង្វង់៥,៥០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីខែមុនអាចលក់បានរង្វង់៦,៥០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះ ត្រីឆ្ដោអាចលក់បានក្នុងតម្លៃ៩,០០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីពីរខែមុនអាចលក់បានក្នុងរង្វង់១២,០០០រៀលក្នុងមួយគីឡូក្រាមឯណោះ។ លោកបញ្ជាក់ថា ការធ្លាក់ចុះនេះមិនមែនដោយសារគ្មានអ្នកទិញនោះទេ គឺដោយសាររដូវនេះជារដូវប្រមូលផលចិញ្ចឹម គួបផ្សំរដូវនេះសម្បូរត្រីធម្មជាតិ ដែលធ្វើឱ្យត្រីចិញ្ចឹមពិបាកប្រកួតប្រជែងតម្លៃ។

ជាដំណោះស្រាយនៅចំពោះមុខតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យម្ចាស់សហគ្រាស និងអ្នកផលិតក្នុងស្រុកងាកមកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជំនួសឱ្យប្រេងឥន្ធនៈ។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានផ្តល់ជាមតិថា រដ្ឋត្រូវសម្របសម្រួលឱ្យតម្លៃ នៃការដំឡើងថាមពលបៃតងនេះមានតម្លៃសមរម្យ ទើបអាចជួយសង្គ្រោះវិស័យផលិតកម្មក្នុងស្រុកឱ្យមានដង្ហើមឡើងវិញក្នុងកាលៈទេសៈ ដែលតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់នេះ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើតម្លៃមាសអាចហក់ឡើងដល់កំណត់ត្រាចាស់ជាង ៦,៦០០ដុល្លារក្នុង១តម្លឹងដែរឬទេ?

បន្ទាប់ពីបានដាំក្បាលចុះយ៉ាងគំហុកកាលពីសប្ដាហ៍មុន ហាងឆេងមាសបានចាប់ផ្ដើម ឡើងថ្លៃវិញជាបណ្ដើរៗហើយ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៥ ខែមីនា តម្លៃមាស…

អ្នកជំនាញអះអាងថា ថៃ កំពុងប្រើល្បែងនយោបាយព្រំដែន ដើម្បីបង្វែរកំហឹងពលរដ្ឋពីរឿងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស

កាលពីពេលថ្មីៗនេះ ភាគីថៃ បានលើកឡើងដោយចោទប្រកាន់មិនពិតថា កម្ពុជា កំពុងត្រៀមលក្ខណៈបង្កសង្គ្រាមជុំទី៣ជាមួយខ្លួន ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ