វិស័យអចលនទ្រព្យ

ការផ្អាកប្រតិបត្តិការលក់ក្នុងគម្រោងធំៗ៥ របស់ក្រុមហ៊ុនព្រីនស៍ អាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជា កម្រិតណាដែរ?


គម្រោងអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម និងអគារសហកម្មសិទ្ធិធំៗចំនួន៥ មានតម្លៃរាប់រយលានដុល្លារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ត្រូវបាននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំសម្រេចផ្អាកមិនឱ្យធ្វើប្រតិបត្តិការលក់ទៀតឡើយ។ ការចាត់វិធានការបែបនេះធ្វើឡើងក្រោយអាជ្ញាធរកម្ពុជា បានចាប់ខ្លួនមេឧក្រិដ្ឋកម្មឆបោកតាមអនឡាញ លោក ចេន ហ្ស៊ី ដែលជាម្ចាស់គម្រោងទាំងនេះ បញ្ជូនទៅឱ្យរដ្ឋាភិបាលចិន បន្ទាប់ពីមានការពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។
វិស័យអចលនទ្រព្យ
ដោយ

លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា បញ្ហាប្រឈមក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុន ព្រីនស៍ មានផលប៉ះពាល់មួយចំនួនដល់អ្នកវិនិយោគជាជនជាតិចិន តែមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកវិនិយោគខ្មែរនោះទេ។ អ្នកជំនាញរូបនេះបានចាត់ទុកការផ្អាកប្រតិបត្តិការលក់ក្នុងគម្រោងធំៗទាំង៥ របស់ក្រុមហ៊ុន ព្រីនស៍ ពីសំណាក់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គឺជាយន្តការសមស្របរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារផលប្រយោជន៍អតិថិជន។

​ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ព្រីនស៍ ដែលកំពុងរងចំណាត់ការពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំអាចជះឥទ្ធិពលមិនល្អមួយចំនួនដល់វិស័យអចលនទ្រព្យរបស់កម្ពុជា ព្រោះករណីនេះនឹងធ្វើឱ្យពលរដ្ឋកាន់តែមានការប្រុងប្រយ័ត្នជាងមុនក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដោយសារបារម្ភពីការខាតបង់ថវិកា។

​សូមបញ្ជាក់ថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានផ្អាកគម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ចំនួន៥គម្រោងមិនឱ្យធ្វើប្រតិបត្តិការលក់បន្តទៀតនោះទេ តែអតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញ ជាមួយគម្រោងទាំងនេះរួច ត្រូវបន្តអនុវត្តកាតព្វកិច្ចរហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។ ដោយឡែកចំពោះអតិថិជន ដែលបានបញ្ចប់កាតព្វកិច្ចស្របតាមកិច្ចសន្យាលក់-ទិញជាមួយគម្រោងខាងលើ ត្រូវបន្តស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិតាមគម្រោងនីមួយៗ ដោយមានកិច្ចសហការជួយសម្របសម្រួលរវាងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងដែលត្រូវផ្អាកប្រតិបត្តិការលក់ទាំងនោះរួមមានគម្រោងអគារខុនដូ Prince Happiness Plaza ឬ The Pinnacle Residence, គម្រោងអគារខុនដូ Prince Golden Bay, គម្រោងអគារខុនដូ មជ្ឈមណ្ឌល Prince Huan Yu, គម្រោងលំនៅដ្ឋានបុរី Prince One Tropica និងគម្រោងលំនៅដ្ឋានបុរី ភូមិសំរោង៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អង់គ្លេស កំពុងអភិវឌ្ឍន៍មីស៊ីលថ្មី ដែលអាចបំផ្លាញគោលដៅឆ្ងាយៗផ្តល់ឱ្យអ៊ុយក្រែន

ក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានប្រកាសថា ខ្លួនកំពុងអភិវឌ្ឍមីស៊ីលបាលីស្ទិកយុទ្ធសាស្ត្រថ្មីដើម្បីផ្ដល់ឱ្យអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងកិច្ចកា…

ក្រុមហ៊ុនអាម៉េរិកធំមួយបោះទុនវិនិយោគជាង ៥០០លានដុល្លារ ក្នុងវិស័យចិញ្ចឹមស្វានៅក្នុងខេត្តកំពង់ធំ

នេះជាដំណឹងដ៏ល្អមួយសម្រាប់កម្ពុជា ដោយថ្មីៗនេះ ក្រុមហ៊ុនអាម៉េរិកដ៏ធំមួយ គឺ ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) បានប្រកាសនឹងបោះទុនវិនិយោគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ