លោក ប្រាវីត រោចាណាភ្រឹក (Pravit Rojanaphruk) អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអ្នកសារព័ត៌មានដ៏ល្បីមួយរូបរបស់ថៃ បានលើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានកត់ត្រាយ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រជាតិនិយមរបស់ថៃ។ ទស្សនៈជាតិនិយមជ្រុល ត្រូវបានថ្នាក់ដឹកនាំថៃ បញ្ជ្រាប និងបង្កប់នៅក្នុងសាលារៀនតាំងពីកុមារភាព ហើយកូនសិស្សនៅក្នុងប្រទេសថៃ ត្រូវបានបង្រៀនពីប្រវត្តិសាស្រ្ត ដែលបង្ហាញថា ប្រទេសថៃ ជាតួឯក។
នៅក្នុងសំណេរដ៏វែងអន្លាយរបស់ខ្លួន អ្នកសារព័ត៌មានរូបនេះ បានរំលេចអំពីទំនាក់ទំនង និងទស្សនៈជាតិនិយមរបស់ប្រជាជាតិទាំងពីរតាំងពីសម័យលង្វែកក្នុងទស្សវត្សរ៍ឆ្នាំ១៥៩០ តាមទស្សនៈ និងប្រវត្តិសាស្រ្តដែលបានចងក្រងមករៀងៗខ្លួន។ ការចងចាំនូវរឿងរ៉ាវប្រវត្តិសាស្រ្តដែលបានចងក្រងរៀងៗខ្លួននេះបានបង្កើតនូវទស្សនៈអវិជ្ជមានចំពោះគ្នា ដែលធ្វើឲ្យប្រជាជាតិទាំងពីរមានអារម្មណ៍ប្រុងប្រយ័ត្ន និងសង្ស័យគ្នាទៅវិញទៅមក។
អ្នកជំនាញវិភាគភូមិសាស្ត្រនយោបាយរូបនេះបានលើកឡើងពីទឡ្ហីករណ៍នយោបាយបច្ចុប្បន្ន ជាពិសេសនៅពេលដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានហក់ចូលជួយអន្តរាគមន៍ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អ្នកជាតិនិយមជ្រុលថៃ មានអារម្មណ៍ថា លោក ត្រាំ មិនគួរជ្រៀតជ្រែក ឬកំណត់ពីរបៀបដែលថៃ គួរដោះស្រាយជាមួយកម្ពុជា នោះទេ។ ការលើកឡើងបែបនេះ ក៏ដោយសារពួកគេកំពុងមានមោទនភាពចំពោះប្រទេសថៃ ដែលអាចនិយាយថា ទេចំពោះសហរដ្ឋអាម៉េរិក។
អ្នកសារព័ត៌មានជើងចាស់រូបនេះបានចាត់ទុកទស្សនៈជាតិនិយមនេះហើយ ដែលជាហេតុធ្វើឱ្យនាយករដ្ឋមន្ត្រីចាំផ្ទះថៃ អានុទីន ឆានវីរៈគុល ហាក់មិនអើពើនឹងបទឈប់បាញ់ ដែលប្រកាសដោយលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន អាន់វ៉ា អ៊ីប្រាហ៊ីម។ លោកបានសង្កត់ធ្ងន់ថា ការជ្រើសរើសផ្លូវបែបនេះរបស់លោក អានុទីន ដើម្បីបង្ហាញថា ខ្លួនជាមេដឹកនាំដែលហ៊ានបដិសេធចំពោះសំណើរបស់លោក ត្រាំ ដែលកំពុងរវល់ជាប់ដោះស្រាយបញ្ហាជាច្រើនផ្សេងទៀតដូចជាបញ្ហាចិន-តៃវ៉ាន់-ជប៉ុន, វេណេស៊ុយអេឡា, រុស្ស៊ី-អ៊ុយក្រែន និងបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន៕