វិបត្តិថាមពល!

វិបត្តិថាមពលជំរុញហ្វីលីពីនប្រកាសអាសន្នកម្រិតជាតិ ខណៈវៀតណាមផ្ញើលិខិតសុំឱ្យជប៉ុនជួយ


វិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងរុញច្រានប្រទេសពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺហ្វីលីពីន និងវៀតណាមឱ្យធ្លាក់ក្នុងស្ថានភាពកង្វះខាតប្រេងឥន្ធនៈ ដែលទាមទាររកជំនួយ។ បច្ចុប្បន្នប្រទេសទាំងពីរបាន និងកំពុងផ្ញើសារសុំជំនួយសង្គ្រោះបន្ទាន់ពីប្រទេសជប៉ុន ដើម្បីសុំចែករំលែកប្រេងបម្រុង និងសុំអន្តរាគមន៍ជួយកាត់បន្ថយសម្ពាធ នៃការប្រើប្រាស់ ខណៈដែលស្តុកប្រេងក្នុងស្រុកកំពុងឈានទៅរកភាពរីងស្ងួត។
វិបត្តិថាមពល!
ដោយ

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Nikkei Asia ថ្វីបើជប៉ុនមានទុនបម្រុងប្រេងអាចធានាការប្រើប្រាស់ក្នុងស្រុកបានរហូតដល់៨ខែក៏ដោយ ប៉ុន្តែសំណើសុំចែកប្រេងពីប្រទេសនៅអាស៊ានទាំងពីរ គឺហ្វីលីពីន និងវៀតណាមបានធ្វើឱ្យមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយនេះស្ថិតក្នុងស្ថានភាពដ៏លំបាកក្នុងការសម្រេចចិត្ត។ ការហក់ឡើង នៃតម្លៃប្រេងនៅលើពិភពលោក បូករួមនឹងការកើនឡើងខ្ពស់នៃថ្លៃដឹកជញ្ជូន និងធានារ៉ាប់រងនាវា បានបង្ខំឱ្យប្រទេសក្នុងតំបន់ងាកមកពឹងផ្អែកលើមិត្ត ដែលមានចិត្តល្អដូចជាជប៉ុន។

នៅទីក្រុងម៉ានីលប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណង់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.) បានប្រកាសអាសន្នផ្នែកថាមពលកម្រិតជាតិ កាលពីថ្ងៃអង្គារ កន្លងទៅ បន្ទាប់ពីក្រសួងថាមពលបញ្ជាក់ថា ស្តុកប្រេងបម្រុងរបស់ខ្លួនអាចប្រើប្រាស់បានត្រឹមតែ៤៥ថ្ងៃទៀតប៉ុណ្ណោះ។ ក្នុងកាលៈទេសៈដ៏ចង្អៀតចង្អល់នេះ ហ្វីលីពីន កំពុងព្យាយាមចរចាជាមួយជប៉ុន កូរ៉េខាងត្បូង និងសូម្បីតែចិន ដើម្បីស្វែងរកប្រភពថាមពលថ្មី ដែលមិនរងផលប៉ះពាល់ពីភាពចលាចលនៅមជ្ឈិមបូព៌ា។

ដោយឡែកនៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ (Pham Minh Chinh) ក៏បានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) កាលពីពាក់កណ្ដាលខែមីនា ដើម្បីស្នើសុំជំនួយបច្ចេកទេស និងការចែករំលែកទុនបម្រុងប្រេងឆៅមកកាន់ប្រទេសវៀតណាម។

ទោះជាយ៉ាងណាការស្នើសុំរបស់ប្រទេសអាស៊ានទាំងពីរនេះអាចនឹងជួបរបាំងច្បាប់។ លោក មីណូរុ គីហារ៉ា (Minoru Kihara) លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនបានពន្យល់ក្នុងសន្និសីទសារព័ត៌មានថា តាមច្បាប់ស្តុកប្រេងបម្រុងរបស់ជប៉ុន គឺអាចបញ្ចេញបានលុះត្រាតែមានគ្រោះមហន្តរាយ ឬការខ្វះខាតធ្ងន់ធ្ងរនៅក្នុងប្រទេសជប៉ុនផ្ទាល់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា រាល់ការជួយសង្គ្រោះត្រូវតែធ្វើឡើងក្នុងស្មារតីច្បាប់ដ៏តឹងរ៉ឹងបំផុត ទោះបីជាបច្ចុប្បន្នជប៉ុនកំពុងបញ្ចេញប្រេងខ្លះទៅកាន់រោងចក្រចម្រាញ់ក្នុងស្រុក ដើម្បីទប់ទល់ស្ថានការណ៍ក៏ដោយ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ រូបភាពឯកសារ




អត្ថបទបន្ទាប់


ប្រទេសថៃ ខាតបង់ថវិកា១៤ពាន់លានដុល្លារក្នុង១ឆ្នាំ ដោយសារអំពើពុករលួយ ដែលចាក់ឫសយ៉ាងជ្រៅក្នុងស្ថាប័នរដ្ឋ

អង្គភាពប្រឆាំងអំពើពុករលួយរបស់ថៃ (ACT) បានទម្លាយរបាយការណ៍ដ៏គួរឱ្យតក់ស្លុតមួយ ដោយរកឃើញថា ប្រទេសថៃ បានខាតបង់ថវិកាជាតិ ប្រមាណ៥០០ពាន់លាន…

វិបត្តិតម្លៃប្រេង និង ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅអាស៊ានហាក់មានសញ្ញាធូរស្រាល ក្រោយនាវាដឹកប្រេងអាចឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសជាបន្តបន្ទាប់

វិបត្តិតម្លៃប្រេង និង ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅអាស៊ានហាក់មានសញ្ញាធូរស្រាល ក្រោយនាវាដឹកប្រេងអាចឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសជាបន្តបន្ទាប់ !! សម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ