ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែមេសា បានស្នើឱ្យសភាអាម៉េរិកអនុម័តកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ១,៥ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២៧ ខណៈដែលសហរដ្ឋអាម៉េរិក កំពុងប្រឈមការឡើងថ្លៃដើមខ្លាំងដោយសារសង្គ្រាមប្រឆាំងអ៊ីរ៉ង់ និងការប្តេជ្ញាចិត្តបង្កើនការពង្រឹងសន្តិសុខទូទាំងពិភពលោក។
សំណើនេះធ្វើឱ្យកញ្ចប់ថវិកាការពារជាតិរបស់មន្ទីរបញ្ចកោណកើនឡើងរហូតដល់ទៅជាង៤០% ក្នុងមួយឆ្នាំ ដែលជាការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈក្រុងវ៉ាស៊ីនតោន កំពុងស្វះស្វែងរក្សាទុកប្រតិបត្តិការយោធានានាជុំវិញពិភពលោក និងស្ដារឡើងវិញនូវស្តុកអាវុធរួមមានការពង្រីកប្រព័ន្ធខែលមីស៊ីលការពារដែនអាកាស ឬសំណាញ់មេឃា យុទ្ធោបករណ៍ ការផលិតនាវាចម្បាំង និងការដំឡើងប្រាក់ខែសម្រាប់ទាហានអាម៉េរិកផងដែរ។
សំណើនេះបានបង្ហាញពីសម្ពាធហិរញ្ញវត្ថុកាន់តែខ្លាំងបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ ដែលបានឈានដល់ខែទី២ ហើយបង្កើតសមរភូមិនយោបាយនៅក្នុងសភា ដែលនឹងមានការជជែកដេញដោលយ៉ាងក្ដៅគគុកអំពីការដំឡើងកញ្ចប់ថវិកាការពារជាតិដ៏ធំសម្បើមជាប្រវត្តិសាស្ត្រនេះ។
រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានពន្យល់ពីមូលហេតុ នៃការដំឡើងកញ្ចប់ថវិកាការពារជាតិនេះថា គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃការចំណាយយោធាដែលបណ្ដាលមកពីសង្គ្រាមអ៊ីរ៉ង់ ដែលកំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។ ក្នុងផែនការដដែលនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានស្នើកាត់បន្ថយថវិកាចំណាយក្នុងស្រុកប្រមាណ៧៣ពាន់លានដុល្លារ ដែលនឹងប៉ះពាល់ដល់គម្រោងសំខាន់ៗរួមមានកម្មវិធីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ វិស័យអប់រំ វិស័យលំនៅឋាន និងការគាំទ្រដល់ថាមពលស្អាតជាដើម។ ប៉ុន្តែកញ្ចប់ថវិកាសម្រាប់សន្តិសុខព្រំដែន និងការអនុវត្តច្បាប់ ជាពិសេសកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌ត្រូវបានស្នើឱ្យបង្កើន។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញកង្វល់ថា ប្រសិនបើផែនការនេះត្រូវបានអនុម័ត វានឹងក្លាយជាបន្ទុកបំណុលជាតិរយៈពេលវែងសម្រាប់សហរដ្ឋអាម៉េរិក ហើយទន្ទឹមនេះ សមាជិកសភាបក្សប្រជាធិបតេយ្យ និងសមាជិកសភាបក្សសាធារណរដ្ឋមួយចំនួន ក៏បានបង្ហាញក្តីបារម្ភចំពោះផលប៉ះពាល់នៃការកាត់បន្ថយថវិកាសង្គមនេះផងដែរ ដោយពួកគេបារម្ភថា វានឹងជះផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរបស់ពលរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម