
ដើម្បីបន្តធ្វើពិពិធកម្មទុនបម្រុងរបស់ខ្លួនសំដៅកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ធនាគារកណ្ដាលចិន បានស្នើឱ្យរដ្ឋាភិបាលចិន កែប្រែច្បាប់ ដើម្បីសម្រួលដល់ការនាំចូល និងនាំចេញមាស។ ប្រទេសចិន ដែលជាអ្នកទិញមាសដ៏ធំបំផុតរបស់ពិភពលោកចង់ធ្វើឱ្យការនាំចូល និងនាំចេញមាសកាន់តែមានភាពងាយស្រួលជាងមុន។ ធនាគារកណ្តាលចិន បានស្នើឱ្យរដ្ឋាភិបាលចិន ពង្រីកការប្រើប្រាស់លិខិតអនុញ្ញាតនាំចេញនាំចូលមាស ដែលអាចប្រើប្រាស់បានច្រើនដងនៅតាមកំពង់ផែនានា និងពង្រីកសុពលភាពលិខិតទាំងនោះរហូតដល់៩ខែ។
ស្ថានការណ៍វិវត្តចុងក្រោយនេះ គឺជាការពង្រឹងបន្ថែមពីលើគំនិតផ្តួចផ្តើមឆ្នាំ២០១៦ របស់ធនាគារកណ្ដាលចិន ដើម្បីសម្រួលនីតិវិធីសម្រាប់ការធ្វើពាណិជ្ជកម្មមាសឆ្លងដែនតាមរយៈការកាត់បន្ថយការតម្រូវលិខិតស្នាម ដែលមានភាពស្មុគស្មាញច្រើន និងការពន្លឿនការនាំចូលមាស ដោយធនាគារកណ្តាលចិន នឹងទទួលយកមតិរិះគន់ស្ថាបនារបស់សាធារណជនលើសំណើនេះ រហូតដល់ថ្ងៃទី១៣ ខែតុលា មុននឹងឈានដល់ការសម្រេចជាផ្លូវការ។
ទិន្នន័យបង្ហាញថា ធនាគារកណ្ដាលចិន បានបន្តសម្រុកទិញចូលមាសរបស់ខ្លួន១០ខែជាប់ៗគ្នាគិតត្រឹមខែសីហា ខណៈដែលប្រទេសចិន នៅតែមានតម្រូវការដុំមាសខ្លាំង។ សូមបញ្ជាក់ថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងរហូតតដល់ទៅជិត៤០% គួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំ២០២៥ នេះ ដោយសារការសម្រុកទិញចូលពីបណ្ដាធនាគារកណ្តាល ការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយ និងការរំពឹងទុកថា ធនាគារកណ្ដាលអាម៉េរិក នឹងធ្វើការបញ្ចុះអត្រាការប្រាក់ឆាប់ៗនេះ៕
ដោយ: តែម សុខុម