
ក្រុមនិស្សិតឥណ្ឌូណេស៊ី បានប្រកាសធ្វើបាតុកម្ម កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃខួប១ឆ្នាំនៃការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បន្ទាប់ពីការតវ៉ាកាលពីចុងខែសីហា បានស្ងប់ស្ងាត់មួយរយៈ។ ក្រុមបាតុករបានប្រកាសនៅលើបណ្តាញសង្គមថា ពួកគេនឹងប្រមូលផ្តុំគ្នានៅជិតវិមានប្រធានាធិបតី ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដោយពួកគេបានអះអាងថា សម្ទុះការងារពេញមួយឆ្នាំរបស់រដ្ឋាភិបាលលោក ប្រាបូវ៉ូ ធ្វើឲ្យពួកគេមានការព្រួយបារម្ភចំពោះជោគវាសនា នៃអនាគតរបស់ប្រទេសនៅថ្ងៃអនាគត។
ការតវ៉ាកាលពីខែសីហា កន្លងទៅ បានវិវត្តក្លាយជាកុបកម្មហិង្សា ដែលបង្កឱ្យមានអ្នករងរបួស និងស្លាប់បាត់បង់ជីវិត ប៉ុន្តែទោះបីជាយ៉ាងណា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្របសម្រួល និងស្តារស្ថានការណ៍មករកភាពស្ងប់ស្ងាត់ឡើងវិញ។ ប៉ុន្តែក្រោយក្រុមមនុស្សនៅក្នុងជំនាន់ GEN Z បានកម្រើកឡើងនៅតាមបណ្តាប្រទេសជាច្រើន បានជំរុញឱ្យក្រុមអ្នកតវ៉ានៅឥណ្ឌូនេស៊ី ក៏បានកម្រើកឡើងវិញដូចគ្នាដែរ។
ពាក់ព័ន្ធនឹងគម្រោងនេះលោក វ៉ាស៊ីស្តូ រ៉ាហាចូ ចាទី (Wasisto Raharjo Jati) អ្នកស្រាវជ្រាវនយោបាយនៅទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិ របស់ឥណ្ឌូនេស៊ី បាននិយាយថា ខួបមួយឆ្នាំរបស់លោក ប្រាបូវ៉ូ បានបង្ហាញពីកង្វះការចូលរួមជាសាធារណៈក្នុងគោលនយោបាយរបស់លោក។ លោកបានលើកឡើងថា ជាទូទៅ រដ្ឋាភិបាលរបស់លោក ប្រាបូវ៉ូ បានជួបប្រទះនូវភាពចលាចលមួយចំនួនក្នុងឆ្នាំដំបូង ជាពិសេសទាក់ទងនឹងកង្វះការបើកចំហរ និងការចូលរួមក្នុងកម្មវិធីនយោបាយរបស់លោក។
ក្រោយមេដឹកនាំក្រុម GEN Z ប្រកាសគម្រោងតវ៉ា អាជ្ញាធរទីក្រុងហ្សាការតា បានពង្រាយកងកម្លាំងប៉ូលិសប្រមាណជាង១,៧០០នាក់ នៅថ្ងៃចន្ទ សប្តាហ៍នេះ ប៉ុន្តែមិនមែនដើម្បីប្រឆាំងក្រុមអ្នកតវ៉ានោះទេ គឺដើម្បីធានាការតវ៉ាប្រកបដោយវិជ្ជាជីវៈ និងស្របតាមច្បាប់៕
ដោយៈ សរ សុជាតិ