មេដឹកនាំថៃ

កៅអីនាយករដ្ឋមន្ត្រីថៃ កាន់តែរំជើបរំជួល ក្រោយផ្ទុះបាតុកម្មទាមទារឱ្យលោកស្រី ផៃថងថាន ចុះចេញពីតំណែងពេញផ្ទៃប្រទេស


ក្រោយស្ងប់ស្ងាត់អស់រយៈពេលមួយទសវត្សរ៍ក្នុងអំឡុងពេលប្រទេសថៃ ស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធា ពេលនេះប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងតំបន់អាស៊ានមួយនេះបានជួបភាពចលាចលជាថ្មី បន្ទាប់ពីប្រជាពលរដ្ឋរាប់ពាន់នាក់បានធ្វើមហាបាតុកម្មនៅទីក្រុងបាងកក ទាមទារឱ្យលោកស្រី ផៃថានថាន ស៊ីណាវ៉ាត្រា ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយមានការបែកធ្លាយសារសំឡេងឆ្លងឆ្លើយរវាងលោកស្រីជាមួយសម្តេចតេជោ។
មេដឹកនាំថៃ
ដោយ

មេដឹកនាំបាតុករជើងចាស់ លោក សុនធិ លីមថងគុល (Sondhi Limthongkul) ដែលធ្លាប់ដឹកនាំមហាបាតុកម្មយ៉ាងរង្គោះរង្គើនៅថៃ កាលពីមួយទស្សវត្សរ៍មុនបានចេញមុខដឹកនាំបាតុកម្មជាថ្មី ទាមទារឱ្យនាយករដ្ឋមន្រ្តីថៃ ចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះវិបត្តិព្រំដែនកាន់តែស៊ីជម្រៅជាមួយកម្ពុជា។

សារព័ត៌មានធំៗនៅថៃ ដូចជាកាសែតបាងកកប៉ុស្តិ៍ជាដើម បានរាយការណ៍ថា មានមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលានវិមានឈ្នះឈ្នះក្នុងទីក្រុងបាងកក ធ្វើបាតុកម្មទាមទារឲ្យលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង។ មហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃនេះ កើតមានឡើងក្រោយមានការបែកធ្លាយសារសំឡេងរវាងលោកស្រី ផៃថងថាន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់លោកស្រី គួបផ្សំពួកគេយល់ថា លោកស្រីហាក់ខ្វះសមត្ថភាពក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដែលបណ្តែតបណ្តោយឱ្យជម្លោះនេះផុងខ្លួនកាន់តែជ្រៅរហូតធ្វើឱ្យមានការបិទព្រំដែនគោករវាងប្រទេសទាំងពីរ។

បាតុករដែលបានមកចូលរួមបាតុកម្មនៅថ្ងៃដំបូង ត្រូវបានប៉ូលិសថៃ ប៉ាន់ប្រមាណថា មានប្រមាណ៦ពាន់នាក់ ដោយផ្អែកព័ត៌មានប៉ាន់ប្រមាណតាមរយៈកាមេរ៉ាដ្រូនហោះលើហ្វូងបាតុករកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា។ លោកឧត្តមសេនីយ៍ទោ ថាវ៉ាត់ វង្សសាងង៉ា (Thawat Wongsanga) ស្នងការរងប៉ូលិសក្រុងបាងកក បាននិយាយថា ក្រៅពីហ្វូងបាតុករនេះ ក៏មានហ្វូងបាតុករលើសពី១ម៉ឺននាក់បានធ្វើបាតុកម្មនៅកន្លែងផ្សេងផងដែរ។ បើតាមការអះអាងរបស់មន្ត្រីប៉ូលិសរូបនេះ ក្នុងចំណោមបាតុករទាំងអស់មានបាតុករជាង៥០នាក់ ជាអតីតបាតុករដែលគេតែងតែឃើញចេញមុខកន្លងមកប្រឆាំងនឹងរដ្ឋាភិបាលរបស់ឪពុករបស់លោកស្រី ផៃថងថាន និងម្តាយមីង លោកស្រី គឺលោកស្រី យីងឡាក់ ប៉ុន្តែក៏មានមួយចំនួនក៏ធ្លាប់ជាអ្នកគាំទ្រពួកគេពីមុនមកផងដែរ។

ការធ្វើបាតុកម្មនេះទំនងជាអាចអូសបន្លាយពេលជាច្រើនថ្ងៃបន្ថែមទៀត ព្រោះក្រុមក្រុមបាតុករបានស្រែកក្តែងៗប្រាប់សមត្ថកិច្ចប៉ូលីសថៃ ថា ពួកគេនឹងបន្តអូសបន្លាយពេលធ្វើបាតុកម្មបាតុកម្មឱ្យដូចនឹងការធ្វើបាតុកម្មកាលពី៩ទៅ១០ឆ្នាំមុន។

លោក សុនធិ លីមថងគុល ដែលគេស្គាល់ថា ជាមេបាតុករដែលបានដឹកនាំមហាបាតុកម្មកាលពី១ទសវត្សរ៍មុនបានប្រាប់ហ្វូងបាតុករថា លោកមិនចង់ឃើញស្ថានភាពកាន់តែយ៉ាប់យ៉ឺនរហូតដល់មានរដ្ឋប្រហារកើតឡើងជាថ្មីនោះទេ ហើយលោក ក៏មិនជំទាស់ប្រសិនបើយោធាធ្វើអ្វីមួយនៅពេលនេះដែរ បន្ទាប់មកត្រូវប្រគល់អំណាចនៃការគ្រប់គ្រងឲ្យមកមេដឹកនាំស៊ីវិលវិញ ដើម្បីកុំឱ្យប្រទេសមានកំណត់ត្រាមិនល្អអំពីរដ្ឋប្រហារ។

ដោយឡែក លោក ចាតុផន ព្រំផាន ( Jatuporn Prompan) អតីតមេដឹកនាំក្រុមអាវក្រហមដែលធ្លាប់គាំទ្រលោក ថាក់ស៊ីន តែឥឡូវនេះជាអ្នករិះគន់ដោយឥតសំចៃមាត់លើលោក ថាក់ស៊ីន បានលើកឡើងថា ប្រទេសថៃនឹងអាចមានរឿងជាច្រើនទៀតកើតឡើង ប្រសិនលោកស្រី ផៃថងថាន នៅតែបន្តកាន់អំណាច។

ជោគវាសនាតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន កំពុងស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់ ហើយអ្នកវិភាគបានអះអាងថា បាតុករអាចនឹងជួបជុំគ្នាឡើងវិញ ប៉ុន្តែវាអាស្រ័យលើការសម្រេចរបស់តុលាការធម្មនុញ្ញ នៅដើមខែកក្កដា ខាងមុខ ថាតើត្រូវទទួលយកញត្តិស្វែងរកការដកលោកស្រី ផៃថងថាន ដោយហេតុផលសីលធម៌បន្ទាប់ពីការលេចធ្លាយការសន្ទនាតាមទូរសព្ទដ៏អាម៉ាស់ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែរ ឬយ៉ាងណា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការស្ទង់មតិមួយបង្ហាញថា ពលរដ្ឋថៃ ចង់ឱ្យមេដឹកនាំបក្សប្រឆាំងកាន់តំណែងនាយករដ្ឋមន្ត្រី ខណៈលោកស្រី ផៃថងថាន នឹងដើរតាមគន្លងលោក ប្រាយុទ្ធ ចាន់អូចា

ស្របពេលបញ្ហានយោបាយនៅក្នុងប្រទេសថៃ កំពុងស្ថិតក្នុងភាពចលាចល ហើយក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទាមទារឱ្យលោកស្រី ផៃថងថាន ស៊ីណា…

សេដ្ឋកិច្ចថៃ កំពុងដាំក្បាលចុះ ខណៈភ្ញៀវទេសចរបរទេស និងតម្រូវការប្រើប្រាស់ធ្លាក់ចុះខ្លាំង

សេដ្ឋកិច្ចរបស់ប្រទេសថៃ អំឡុងខែឧសភា បានបង្ហាញលទ្ធផលចម្រុះ ខណៈការនាំចេញរបស់ថៃ បានកើនឡើង១១ខែជាប់ៗគ្នា តែវិស័យសំខាន់ៗផ្សេងទៀតរបស់ប្រទេសនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ