ក្រុមហ៊ុនប្រេង និងលក់រាយរបស់ថៃ PTT បានប្រកាសថា ខ្លួនអាចនឹងដកការវិនិយោគចេញពីកម្ពុជា ប្រសិនបើការលក់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅតែធ្លាក់ចុះ។ ការប្រកាសបែបនេះធ្វើឡើងក្រោយឥទ្ធិពលជម្លោះព្រំដែនកម្ពុជា-ថៃ បានទាញទម្លាក់ការលក់របស់ក្រុមហ៊ុននេះនៅកម្ពុជា ឱ្យធ្លាក់ចុះចន្លោះពី៥០ ទៅ៦០% ហើយចំនួនស្ថានីយប្រេងឥន្ធនៈក៏មានការធ្លាក់ចុះផងដែរ។ ការធ្លាក់ចុះចំនួនលក់ និងចំនួនស្ថានីយប្រេងឥន្ធនៈនៅកម្ពុជានេះ គឺដោយសារប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការផលិតផលថៃ ជាការសងសឹកនឹងទាហានថៃ ដែលបានឈ្លានពានអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
បើតាមការអះអាងរបស់ក្រុមហ៊ុននេះ ចំនួនស្ថានីយប្រេងឥន្ធនៈ បានធ្លាក់ចុះពី២០០ស្ថានីយមកនៅត្រឹម១៥០ស្ថានីយ ក្រោយស្ថានីយប្រេងឥន្ធនៈមួយចំនួនបានទម្លាក់ស្លាក PTT ទៅប្រើប្រាស់ស្លាកប្រេងរបស់ក្រុមហ៊ុនថ្មី ដោយសារពលរដ្ឋខ្មែរនាំគ្នាធ្វើពហិកាមិនចូលចាក់ប្រេងរបស់ PTT។
ក្រៅពីទីផ្សារកម្ពុជា ការធ្វើអាជីកម្មរបស់ក្រុមហ៊ុន PTT នៅក្នុងប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ក៏ជួបបញ្ហាផងដែរ ក្នុងនោះក្រុមហ៊ុនបានសម្រេចបិទប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ដោយសារមិនអាចទ្រាំទ្រនឹងការខាត ក្រោយការធ្លាក់មានការធ្លាក់ចុះខ្លាំង៕
ដោយ៖ សុខ មង្គល