
តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស បានធ្លាក់ចុះ៥២សេន ឬ ០,៧៨% មកនៅត្រឹមជាង ៦៦ ដុល្លារក្នុងមួយធុងបារ៉ែលនៅព្រឹកថ្ងៃចន្ទ សប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅនៅទីផ្សារអាម៉េរិក West Texas Intermediate បានធ្លាក់ចុះ៥៨សេនមកត្រឹមជាង៦៣ដុល្លារក្នុងមួយធុងបារ៉ែល។
ការធ្លាក់ចុះតម្លៃប្រេងឆៅនេះ គឺក្រោយមានការរំពឹងទុកថា អាចនឹងមានការដកទណ្ឌកម្មលើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់ទីផ្សារអន្តរជាតិ ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា នៅរដ្ឋអាឡាស្កាសហរដ្ឋអាម៉េរិក ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ការរំពឹងទុកបែបនេះកើតឡើងក្រោយលោក ត្រាំ បានកំណត់ឱសានវាទឱ្យរុស្ស៊ី ធ្វើយ៉ាងណាសម្រេចកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនឱ្យបាននៅត្រឹមថ្ងៃសុក្រ សប្តាហ៍មុន បើមិនដូច្នេះទេអ្នកទិញប្រេងពីរុស្ស៊ីនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មជាក់ជាមិនខាន ហើយក្នុងពេលជាមួយគ្នានេះអាម៉េរិក កំពុងជំរុញឱ្យប្រទេសឥណ្ឌាកាត់បន្ថយការទិញប្រេងពីរុស្ស៊ី ផងដែរ។
ការដាក់ពន្ធខ្ពស់របស់លោក ដូណាល់ ត្រាំ លើប្រទេសជាច្រើនដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ត្រូវបានគេរំពឹងថា នឹងដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច ខណៈពន្ធទាំងនេះបានជំរុញឱ្យមានការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ និងអតិផរណាកាន់តែខ្ពស់៕
ដោយ៖ សុខ មង្គល