ជាក់ស្តែងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ក្រុមហ៊ុនវៀតណាម ចំនួន១៥ និងក្រុមហ៊ុនកម្ពុជា ចំនួន២ បានចុះកិច្ចសន្យាប្រមូលទិញដំឡូងមីកម្ពុជា ចំនួនជាង៦លានដុល្លារបន្ថែមទៀត ដើម្បីបង្រ្គប់ការនាំចេញឱ្យបានជាង៩លានតោនសម្រាប់ឆ្នាំ២០២៥-២០២៦។
សហព័ទ្ធដំឡូងមីកម្ពុជា បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនវៀតណាម ចំនួន១៥ និងក្រុមហ៊ុនកម្ពុជា ចំនួន២ ដើម្បីប្រមូលទិញដំឡូងពីកសិករកម្ពុជា ជាង៦លានតោនបន្ថែមទៀត ដើម្បីបង្រ្គប់ឱ្យបានជាង៩លានតោនក្នុង១ឆ្នាំសម្រាប់នាំចេញចេញទៅកាន់ទីផ្សារវៀតណាម តាមគោលដៅនៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម និងជាមួយសមាគមផលិតម្សៅមីតៃនិញ។ ការចុះកិច្ចសន្យានេះធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា។
ប្រធានសហព័ន្ធរូបនេះជឿជាក់ថា ទោះបីតម្លៃដំឡូងមីបច្ចុប្បន្នមិនទាន់មានតម្លៃល្អដូចកាលពីសម័យកាលរីករាលដាលជំងឺកូវីដ-១៩ ក៏ពិតមែន តែតាមរយៈកិច្ចសន្យាមូលទិញដំឡូងមីស្រស់កម្ពុជា ពីក្រុមហ៊ុនវៀតណាម ក្នុងបរិមាណជាង៩លានតោនក្នុង១ឆ្នាំនេះ វានឹងជួយជំរុញឱ្យតម្លៃដំឡូងមីស្រស់កម្ពុជា នៅដើមរដូវប្រមូលផលឆ្នាំក្រោយនឹងកើនឡើងចន្លោះពី៥% ទៅ១០% និងរំពឹងថា ប្រជាកសិករនឹងអាចទទួលបានផលចំណេញតាមរយៈកិច្ចសន្យាទិញលក់នេះផងដែរ ខណៈបច្ចុប្បន្នតម្លៃដំឡូងមីស្រស់កម្ពុជា លក់ចេញនៅព្រំដែនវៀតណាមអាចលក់បានក្នុងតម្លៃ៣៦០រៀលក្នុងមួយគីឡូក្រាម។
ឧកញ៉ា ច្រាយ សុន បានវាយតម្លៃថា ការផលិត និងការប្រមូលផលដំឡូងមីកម្ពុជា នៅឆ្នាំនេះ ហាក់មានការធ្លាក់ចុះប្រមាណ២០% ទៅ៣០% បើធៀបនឹងឆ្នាំមុន ដោយសារប្រជាកសិករមួយចំនួនកាត់បន្ថយការដាំដុះ ក្រោយទទួលបានតម្លៃទាបកាលពីឆ្នាំមុន។ តែយ៉ាងណាប្រធានសហព័ន្ធដំឡូងមីរូបនេះអះអាងថា កម្ពុជា នៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដំឡូងមីជាង៩លានតោនទៅកាន់ទីផ្សារវៀតណាម ក្នុង១ឆ្នាំ។
គួរជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ សហព័ន្ធដំឡូងមីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមដំឡូងមីវៀតណាម ដើម្បីពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា-វៀតណាម ដោយវៀតណាម សន្យាទិញដំឡូងមីស្រស់ពីកម្ពុជា ប្រមាណជាង៩លានតោនក្នុង១ឆ្នាំនៅក្នុងរយៈពេល៥ឆ្នាំ៕