
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាមហាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភចំពោះទីផ្សារដំឡូងមី និងពោតក្រហមនៅឆ្នាំនេះ ព្រោះក្រុមហ៊ុនរបស់អ្នកឧកញ៉ា និងក្រសួងស្ថាប័នពាក់ព័ន្ធបានត្រៀមខ្លួនរួចហើយក្នុងការជួយដោះស្រាយលើបញ្ហានេះ។ បើតាមការអះអាងមហាសេដ្ឋីកសិកម្មរូបនេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានប្រមូលទិញវត្ថុធាតុដើមពីកសិករដូចជាដំឡូងមី និងពោតក្រហមជាដើមក្នុងមួយឆ្នាំៗប្រមាណ១០០លានដុល្លារសម្រាប់យកមកផលិតចំណីសត្វ ខណៈនៅឆ្នាំនេះអាចនឹងបង្កើនការច្រើនជាងនេះបន្ថែមទៀត។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានសង្កត់ធ្ងន់ថា ក្រៅពីក្រុមហ៊ុនរបស់ អ្នកឧកញ៉ា ក៏មានក្រុមហ៊ុនជាច្រើនទៀតផងដែរ ដែលត្រូវការវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។
ដោយឡែក ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម កំពុងចរចាជាមួយអ្នកទិញជាជនចិន ដើម្បីនាំចេញដំឡូងមី មៀនប៉ៃលិន គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនមុខទៀតទៅកាន់ទីផ្សារដ៏ធំប្រចាំតំបន់អាស៊ីមួយនេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រសិនបើប្រទេសថៃ ឈប់ទិញកសិផលពីកម្ពុជា នោះ ប្រទេសថៃ អាចប្រឈមនឹងការខ្វះខាតវត្ថុធាតុដើមដើម្បីកែច្នៃសម្រាប់នាំចេញទៅទីផ្សារប្រទេសចិន ដែលវានឹងក្លាយជាឱកាសមួយសម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញកសិផល ទៅកាន់ទីផ្សារចិន ដោយផ្ទាល់។
គួរបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ដែលមានទំហំប្រមាណ១៥លានដុល្លារក្នុង១ថ្ងៃ បានរងការរំខានតាំងពីយោធាថៃ បានកែសម្រួលពេលវេលាបើកបិទច្រកព្រំដែនដោយឯកតោភាគី នៅថ្ងៃទី៧ ខែមិថុនា មកម៉្លេះ។ ក្រោយមកការដោះដូរពាណិជ្ជកម្មឆ្លងដែនត្រូវបានរាំងស្ទះទាំងស្រុង ក្រោយយោធាថៃ បានបិទច្រកព្រំដែនទាំងអស់ជាឯកតោភាគី នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ ការបិទច្រកព្រំដែនយ៉ាងគឃ្លើនរបស់យោធាថៃ ដោយគ្មានជូនដំណឹងមកកម្ពុជា នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ជាពិសេសវាបានរុញស្ថានការណ៍ជម្លោះព្រំដែនរវាងប្រទេសទាំងពីរឱ្យកាន់តែឡើងកម្តៅបន្ថែមទៀត៕
អត្ថបទ៖ បូ ដូឡា