
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពវាយចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយបានបណ្តាលឱ្យមានទាហាន និងជនស៊ីវិលរាប់សែននាក់ស្លាប់ និងបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលនៅប្រទេសគុយបា ឆ្នាំ១៩៦២។
យ៉ាងណាមិញកាលពីថ្ងៃអាទិត្យ សប្តាហ៍មុនលោក ពូទីន បាននិយាយថា រុស្ស៊ី កំពុងស្នើឱ្យមានការចរចាដោយផ្ទាល់ជាមួយនឹងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃទី១៥ ខែឧសភា ក្នុងគោលបំណងលុបបំបាត់ឫសគល់នៃជម្លោះ និងស្ដារឡើងវិញនូវសន្តិភាពយូរអង្វែងជាជាងគ្រាន់តែផ្អាកប្រយុទ្ធគ្នាបណ្តោះអាសន្ន។
លោក ពូទីន បាននិយាយថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន (Tayyip Erdogan) អំពីការសម្របសម្រួលកិច្ចចរចានេះ ដែលលោកបាននិយាយថា អាចនាំឱ្យមានបទឈប់បាញ់។
តែយ៉ាងណាគិតត្រឹមចុងសប្តាហ៍មុន គេមិនទាន់ឃើញមានការឆ្លើយតបពីភាគីអ៊ុយក្រែនចំពោះការស្នើសុំចរចារបស់លោក ពូទីន នេះនៅឡើយទេ ប៉ុន្តែកន្លងមក ប្រទេសអ៊ុយក្រែន តែងតែប្រកាសបើកចំហសម្រាប់ការចរចា ដើម្បីនាំសន្តិភាពដល់ពលរដ្ឋអ៊ុយក្រែន។
ការស្នើសុំចរចារបស់រុស្ស៊ីនេះ បានធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ខំឱ្យរុស្ស៊ី ទទួលយកបទឈប់បាញ់៣០ថ្ងៃ បើមិនដូច្នេះទេ អាម៉េរិកនឹងរួមគ្នាជាមួយនឹងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មឱ្យកាន់តែខ្លាំងលើរុស្ស៊ី។ ទោះរងសម្ពាធពីលោក ត្រាំ និងការព្រមានម្តងហើយម្តងទៀតពីមហាអំណាចអឺរ៉ុប ក៏ដោយ តែលោក ពូទីន ហាក់ផ្តល់សម្បទានតិចតួចប៉ុណ្ណោះក្នុងការបញ្ចប់ជម្លោះនេះ៕
ដោយ៖ សុខ មង្គល