រុស្ស៊ី-អ៊ុយក្រែន

លោក ពូទីនថា ទីក្រុងម៉ូស្គូចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនណាស់ ប៉ុន្ដែអាមេរិកបោះពាក្យថា រុស្ស៊ីគ្មានឆន្ទៈធ្វើវាទេ


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា ប្រទេសរុស្ស៊ីចង់បញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនណាស់ ហើយជម្រើសវាជៀសពុំរួចពីការចរចារតាមផ្លូវទូតនោះទេ ស្របពេលដែលលោកខាងលិច ពិសេសសហរដ្ឋអាមេរិកមើលឃើញថា ទីក្រុងម៉ូស្គូគ្មានឆន្ទៈបញ្ចប់សង្គ្រាមនេះឡើយ ចាប់តាំងបានបើកការវាយប្រហារទន្ទ្រានចូលទឹកដីអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោក ពូទីន ថា រុស្ស៊ីចង់បញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន!

លោក ពូទីន បានធ្វើការអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មានក្នុងស្រុករុស្ស៊ីមួយថ្ងៃ​បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានធ្វើដំណើរទៅ​ជួប​លោក ចូ បៃដិន នៅសេតវិមាន ក៏ដូចជាសមាជិក​សភាអាមេរិក​ផ្សេងទៀត ដើម្បីស្នើសុំ​ការគាំទ្រ​ទាំងថវិកា និងយោធាជាដើម។

លោកពូទីនបាននិយាយថា «គោលដៅរបស់ទីក្រុងម៉ូស្គូ គឺមិនមែនដើម្បីពង្រីក​ជម្លោះយោធានោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីបញ្ចប់សង្គ្រាមនេះ ហើយរុស្ស៊ីនឹងខិតខំបញ្ចប់រឿងនេះ ឱ្យកាន់តែឆាប់កាន់តែល្អ»។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យសេតវិមានអាមេរិក លោក ចន ខឺប៊ី (John Kirby) បាននិយាយដោយគ្មានសង្ឃឹមថា ទីក្រុងម៉ូស្គូមិនបានបង្ហាញ​ពីឆន្ទៈក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាមនោះទេមកទល់នឹងម៉ោងនេះ ចាប់តាំងពីកងទ័ពរុស្ស៊ីបានចូលលុកលុយ​ប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក។​

លោក Kirby បានបន្ថែមទៀតថា ផ្ទុយទៅវិញ អ្វីគ្រប់យ៉ាងដែលលោក ពូទីនកំពុងធ្វើទាំងនៅលើដី និងនៅលើអាកាស គឺសបង្ហាញយ៉ាងច្បាស់ក្រឡែតថា រុស្ស៊ីកំពុងធ្វើឱ្យប្រជាជន​អ៊ុយក្រែនឈឺចាប់ និងកំពុងពង្រីកជម្លោះឱ្យកានតែធំ។

ទន្ទឹមនឹងគ្នានេះ អ្នកនាំពាក្យសេតវិមាន​រូបនេះបានគូសបញ្ជាក់ឡើងវិញថា ប្រធានាធិបតីអាមរិកលោក បៃដិន នៅតែបន្តបើកផ្លូវសម្រាប់កិច្ចចរចា​សន្តិភាពជាមួយលោក​ ពូទីន​ ប៉ុន្តែប្រធានាធិបតីរុស្ស៊ីរូបនេះបានបង្ហាញពីជំហរ «មិនមានបំណងចរចា» បន្ទាប់ពីការពិគ្រោះយោបល់​ជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

រុស្ស៊ីតែងតែអះអាង ខ្លួននៅតែបន្តបើកចំហរសម្រាប់ការចរចា ប៉ុន្តែអ៊ុយក្រែន និងសម្ព័ន្ធមិត្ត សង្ស័យថា លោកពូទីន មានផែនការចរចាដើម្បីទិញពេលវេលាបន្ទាប់​ពីការបរាជ័យ និងការដកថយជាបន្តបន្ទាប់របស់ខ្លួនតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះ លោក ពូទីន ក៏បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងម៉ូស្គូថា៖ ការកើនឡើងនៃអរិភាពមានតែនាំទៅរកការខាតបង់ដោយអយុត្តិធម៌តែប៉ុណ្ណោះ»។ «​ជម្លោះ​ប្រដាប់​អាវុធ​ទាំង​អស់តែង​ត្រូវ​បញ្ចប់​តាម​មធ្យោបាយ​មួយ ឬ​វិធី​ផ្សេង​ទៀត​​ដោយ​ការ​ចរចា​មួយ​ចំនួន​លើ​ផ្លូវ​ការទូត» ហើយមិនយូរមិនឆាប់ ភាគីណាមួយ​ក្នុងស្ថានភាពជម្លោះ នឹងចូលតុអង្គុយចរចា ដើម្បីកិច្ចព្រមព្រៀងសន្តិភាព ហើយរុស្ស៊ីមិនបោះបង់ការចរចាចោលទេ»។

ទន្ទឹមនឹងការលើកឡើងពីការចរចាបញ្ចប់សង្គ្រាម លោក ពូទីន ក៏នៅឆ្លៀតនិយាយឌឺដងផ្លែផ្កាដាក់អាមេរិក ជុំវិញការផ្គត់ផ្គង់​របស់ទីក្រុងវ៉ាស៊ីនតោននូវប្រព័ន្ធខែលការពារមីស៊ីលដែនអាកាស Patriot ទៅឱ្យអ៊ុយក្រែន ដោយលោកពូទីនថា វាចាស់ណាស់ ហើយវាមិនដំណើរការដូចប្រព័ន្ធ S-300 របស់រុស្ស៊ីទេ។ លោក ពូទីន ក៏បាននិយាយផងដែរថា ការកំណត់តម្លៃ​លើប្រេង​របស់រុស្ស៊ីដោយបណ្តាប្រទេសលោកខាងលិច ដែលរៀបចំឡើង ដើម្បីកំណត់ប្រាក់ចំណូលម៉ូស្គូ​ក្នុងការផ្គត់ផ្គង់​ក្នុង​សង្គ្រាមនោះ គឺនឹងមិនធ្វើឱ្យខូចសេដ្ឋកិច្ច​រុស្ស៊ីឡើយ ហើយនៅសប្តាហ៍ក្រោយនេះ លោកនឹងចុះហត្ថលេខា​លើក្រឹត្យដើម្បីឆ្លើយតបនឹង​ការកំណត់​តម្លៃ​ប្រេងរុស្ស៊ីនេះ​ផងដែរ៕




អត្ថបទបន្ទាប់


សមុទ្រចិនខាងត្បូង៖ ឥណ្ឌូនេស៊ី និងវៀតណាមឯកភាពគ្នាលើព្រំដែនតំបន់សេដ្ឋកិច្ចផ្តាច់មុខ ខណៈហ្វីលីពីនត្រៀមពង្រឹងយោធា

ស្ថានភាពនៃសមុទ្រចិនខាងត្បូងនៅតែជាចំណុច ដ៏រសើបបំផុតមួយ នៃទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសគូជម្លោះ ដែលទាមទាររៀងៗខ្លួននៃចំណែកដែនទឹកក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ