ការិយាល័យកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទីក្រុងម៉ានីល បានអះអាងថា ប្រជាជនហ្វីលីពីន ជាង៦០ម៉ឺននាក់កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា បានប្រមូលផ្តុំគ្នាតវ៉ា ដើម្បីប្រឆាំងនឹងការអនុវត្តមិនមានតម្លាភាពលើការគ្រប់គ្រងមូលនិធិក្នុងការបង្ការ និងការពារទឹកជំនន់របស់រដ្ឋាភិបាលហ្វីលីពីន។ ក្រុមអ្នកតវ៉ាទាមទារឱ្យមានការបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើមន្ត្រីអ្នកតាក់តែងច្បាប់ និងអ្នកម៉ៅការ ដែលត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ចប្រាក់រាប់លានដុល្លារ។ ក្រុមអ្នកតវ៉ាបានរិះគន់ការចោទប្រកាន់មន្ត្រីទាំងនោះពីបទប្រើប្រាស់ប្រាក់សាធារណៈមិនមានតម្លាភាព។
ក្រោយការធ្វើបាតុកម្មបានផ្ទុះឡើង លោក ដេវ ហ្គោមេ (Dave Gomez) ប្រធានការិយាល័យទំនាក់ទំនងប្រធានាធិបតីបាននិយាយថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស កំពុងតាមដានការធ្វើបាតុកម្មនេះយ៉ាងយកចិត្តទុកដាក់ ស្របពេលប៉ូលិសប្រហែល១ម៉ឺន៦ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់។
អ្នករៀបចំបាតុកម្មតវ៉ានេះ បានអះអាងថា នេះជាចលនាតវ៉ាដោយសន្តិភាព ហើយគោលបំណងសំខាន់ គឺទាមទារឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ យុត្តិធម៌ និងស្របតាមរដ្ឋធម្មនុញ្ញលើការប្រើប្រាស់កញ្ចប់មូលនិធិក្នុងការបង្ការ និងការពារទឹកជំនន់ ព្រោះអំពើពុករលួយបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនហ្វីលីពីនគ្រប់រូប ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានចោទប្រកាន់នោះទេ។
ការគ្រប់គ្រងទឹកជំនន់ គឺជាបញ្ហាដ៏រសើបមួយនៅក្នុងប្រទេសហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីវិបត្តិអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ៕
ដោយៈ សរ សុជាតិ