ឆ្លើយតបនឹងការគំរាមនេះ អ៊ីរ៉ង់បានអះអាងថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស សូម្បី១លីត្រ ប្រសិនបើអាម៉េរិក និងអ៊ីស្រាអែលនៅតែបន្តវាយប្រហារលើខ្លួន។
ថ្លែងចេញពីក្លឹបវាយកូនគោលក្នុងទីក្រុង Miami រដ្ឋផ្លរីដា កាលពីថ្ងៃទី៩ ខែមីនា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានបង្ហាញយុទ្ធសាស្ត្របន្ធូរផងគំរាមផង បន្ទាប់ពីទីផ្សារប្រេងឆៅមានការប្រែប្រួលយ៉ាងវឹកវរដោយហក់ឡើងដល់ជិត១២០ដុល្លារក្នុង១បារ៉ែល មុនធ្លាក់ចុះមកនៅត្រឹមជាង៩០ដុល្លារក្នុងមួយបារ៉ែលវិញក្នុងរយៈពេលត្រឹម២៤ម៉ោង។
ស្របពេលទីផ្សារថាមពល និងប្រេងកំពុងវឹកវរ លោក ត្រាំ បានបង្ហើបថា លោកនឹងដកទណ្ឌកម្មប្រេងចេញពីរដ្ឋមួយចំនួនរហូតទាល់តែស្ថានការណ៍ធូរស្រាលឡើងវិញ ហើយបើចាំបាច់ និងមានស្ថិរភាពល្អ អាម៉េរិកទំនងជាមិនចាំបាច់ប្រើទណ្ឌកម្មទាំងនោះទៀតក៏ថាបាន។ នេះគឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចសកល ប៉ុន្តែវាមិនមែនជាការចុះចាញ់ឡើយ។
តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានសរសេរសារព្រមានធ្ងន់ៗនៅលើបណ្ដាញសង្គម Truth Social ថា ប្រសិនបើអ៊ីរ៉ង់ហ៊ានរារាំងលំហូរប្រេងតាមច្រកសមុទ្រហ័រមូស នោះពួកគេនឹងរងការវាយប្រហារកាន់តែធ្ងន់ធ្ងរថែមទៀត ហើយគោលដៅយោធា ដែលនៅសេសសល់នឹងត្រូវកម្ទេចឱ្យរាបដល់ដី ដែលអាចធ្វើឱ្យអ៊ីរ៉ង់អស់ឱកាសក្នុងការងើបឈរជាថ្មី។ ទន្ទឹមនឹងនេះលោក ត្រាំ វាយតម្លៃថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាការឆ្លើយតបនៅថ្ងៃទី១០ ខែមីនា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញមកព្រមានដោយឥតញញើតថា ពួកគេនឹងមិនអនុញ្ញាតឱ្យមានការដឹកប្រេងសូម្បីតែ១លីត្រចេញពីមជ្ឈិមបូព៌ា ប្រសិនបើអាម៉េរិក និងអ៊ីស្រាអែលមិនបញ្ឈប់ការឈ្លានពាន។ អ្នកនាំពាក្យអ៊ីរ៉ង់បានបោះសម្តីថា អ៊ីរ៉ង់ គឺជាអ្នកកំណត់ថា តើសង្គ្រាមនេះត្រូវបញ្ចប់នៅពេលណា។
បច្ចុប្បន្ន វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យច្រកសមុទ្រហ័រ ដែលជាច្រកដ៏សំខាន់សម្រាប់ពិភពលោកស្ទើរតែប្រែក្លាយជាច្រកសមុទ្រខ្មោច ដោយសារកប៉ាល់ដឹកប្រេងមិនហ៊ានធ្វើចរាចរណ៍ជាងមួយសប្តាហ៍មកហើយ ដែលបង្ខំឱ្យក្រុមហ៊ុនផលិតប្រេងជាច្រើនផ្អាកការបូម ព្រោះឃ្លាំងស្តុកប្រេងបានហូរហៀរអស់ទៅហើយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស