យោងតាមគេហទំព័រ Argus Media បានឱ្យដឹងថា តម្លៃរ៉ែឌីស្ព្រូស្យូម នៅអឺរ៉ុបមានតម្លៃរហូតដល់ទៅ៩១០ដុល្លារក្នុងមួយគីឡូក្រាម គិតត្រឹមថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលខ្ពស់ជាង ៣ដង បើធៀបនឹងកម្រិតមុនពេលប្រទេសចិន ដាក់ការរឹតបន្តឹងលើការនាំចេញនៅដើមឆ្នាំនេះ។ ចំណែកឯរ៉ែតេប៊ីញ៉ូម មួយគីឡូក្រាម ត្រូវបានជួញដូរក្នុងតម្លៃខ្ពស់រហូតដល់ទៅ ៣,៧០០ដុល្លារ ដែលជាតម្លៃខ្ពស់ជាងមុនការរឹតបន្តឹងការនាំចេញរហូតដល់ទៅ៤ដងឯណោះ។ ទិន្នន័យបង្ហាញថា រ៉ែសំខាន់ទាំងពីរនេះមានតម្លៃខ្ពស់បំផុត បើធៀបនឹងទិន្នន័យកាលពីខែមិថុនា ឆ្នាំ២០១៥។
សូមបញ្ជាក់ថា ប្រទេសចិន បានរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរ៉ែកម្រ និងការនាំចេញ ហ្គាលីញ៉ូម (Gallium) នៅដើមឆ្នាំ២០២៥ នេះ ដែលបង្កើនការភ័យខ្លាចអំពីហានិភ័យនៃការផ្គត់ផ្គង់រ៉ែកម្រសម្រាប់រយៈពេលវែង។ ទោះបីជាទីក្រុងប៉េកាំង បានផ្អាកការរឹតបន្តឹងមួយចំនួនរយៈពេលមួយឆ្នាំ បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង យ៉ាងណាក្ដី ក៏ក្រុមអ្នកវិភាគនិយាយថា តម្លៃរ៉ែកម្រនឹងនៅតែខ្ពស់ខ្លាំង ដោយសារតែកត្តាសំខាន់២ រួមមាន ការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅខាងក្រៅសហរដ្ឋអាម៉េរិក នៅតែមាន និងការនាំចេញរបស់ប្រទេសចិន មិនបានកើនឡើង។
រ៉ែហ្គាលីញ៉ូម (Gallium) ដែលប្រទេសចិន ជាអ្នកផលិតរហូតដល់ទៅ៩៩% ក៏មានតម្លៃខ្ពស់បំផុតដែរចាប់តាំងពីឆ្នាំ២០០២ មក។ ច្បាប់ស្ដីពី ការនាំចេញរ៉ែហ្គាលីញ៉ូម ភាគច្រើននៅតែមានជាធរមាននៅឡើយសម្រាប់ប្រទេសនានា ក្រៅពីសហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ ប្រទេសជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលភាពតានតឹងជាមួយប្រទេសចិន កើនឡើង ហើយបានរំឭកឡើងវិញនូវស្ថានការណ៍ឆ្នាំ២០១០ ជាពេលដែលប្រទេសចិន បានផ្អាកនាំចេញរ៉ែកម្រ។ ដោយសារតែបែបនេះ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់នានាក្រៅពីប្រទេសចិន៕
ដោយ: តែម សុខុម