នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស នៅក្រៅកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃអចលនទ្រព្យសម្រាប់ភ្នាក់ងារ និងអ្នកវិនិយោគ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា នៅមួយរយៈចុងក្រោយនេះមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនបានបង្កើតក្រុមអ្នកវាយតម្លៃផ្ទៃក្នុងផ្ទាល់ខ្លួន ដើម្បីវាយតម្លៃលើអចលនវត្ថុរបស់កូនកម្ចីក្នុងការផ្ដល់កម្ចីទៅឱ្យអតិថិជន ដែលជាការរុញច្រានឱ្យវិស័យវាយតម្លៃអចលនវត្ថុនៅកម្ពុជា កំពុងដើរថយក្រោយ។ ការបង្កើតក្រុមការងារវាយតម្លៃអចលនវត្ថុផ្ទៃក្នុងផ្ទាល់ខ្លួននេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យវាយតម្លៃអលចលនវត្ថុនៅកម្ពុជា នោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងទាក់ទាញការវិនិយោគពីបរទេសចូលមកកម្ពុជា ផងដែរ។ នេះបើការបញ្ជាក់របស់ប្រធានសមាគមរូបនេះ ដោយបានបន្ថែមថា កាលណាការវាយតម្លៃមិនគ្រប់ជ្រុងជ្រោយ នោះនឹងធ្វើឱ្យវិស័យអចលនទ្រព្យទាំងមូលមានភាពច្របូកច្របល់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុផងដែរ។
ឧកញ៉ា សន សៀប មិនបានហាមឃាត់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងនោះបង្កើតក្រុមការងារផ្ទៃក្នុងផ្ទាល់ខ្លួនសម្រាប់វាយតម្លៃអចលនវត្ថុផ្ទៃក្នុងនោះទេ តែទាមទារឱ្យគ្រឹះស្ថានទាំងនោះសហការគ្នាជាមួយក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដែលជានិតិវិធីមានការប្រើប្រាស់ និងទទួលស្គាល់ជាអន្តជាតិ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។ ទន្ទឹមនេះប្រធានសមាគមរូបនេះ ស្នើឱ្យមានការជួយជ្រោមជ្រែងបន្ថែមពីសំណាក់ធនាគារជាតិនៃកម្ពុជា និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីចូលរួមកែលម្អបញ្ហានេះសំដៅជួយជំរុញការរីកចម្រើនទាំងវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ ម្យ៉ាងទៀត ស្ថាប័នពាក់ព័ន្ធ ក៏គួរបង្កើតច្បាប់សម្រាប់កំណត់ការវាយតម្លៃអចលនវត្ថុនៅកម្ពុជា ឱ្យបានច្បាស់លាស់ផងដែរ។
ដើម្បីលើកកម្ពស់វិស័យវាយតម្លៃអចលនវត្ថុនៅកម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃអចលនទ្រព្យសម្រាប់ភ្នាក់ងារ និងអ្នកវិនិយោគ ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់បុគ្គលិកភ្នាក់ងារអចលនវត្ថុរបស់ក្រុមហ៊ុនសមាជិករបស់សមាគម និងបុគ្គលិកក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលមិនមែនជាសមាជិករបស់សមាគម ព្រមទាំងបុគ្គលិកមកពីបណ្តាស្ថាប័នដៃគូពាក់ព័ន្ធមួយចំនួនទៀត។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ចំណេះដឹងអំពីគោលការណ៍ នៃការវាយតម្លៃអចលនទ្រព្យ ដែលនឹងជួយបង្កើនជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបិទការលក់ឱ្យបានលឿន និងមានប្រសិទ្ធភាព។
គួរជម្រាបថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសម្រេចឈប់ឱ្យក្រុមហ៊ុន និងក្រុមអ្នកផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុផ្តល់ការវាយតម្លៃបឋមដល់អតិថិជនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអតិថិជនទូទៅចាប់តាំងពីថ្ងៃទី១ មករា ឆ្នាំ២០២៥ ក្រោយសង្កេតឃើញការផ្តល់តម្លៃបឋមនេះមិនបានឆ្លុះបញ្ចាំងពីតម្លៃជាក់ស្តែង។ ក្នុងករណីក្រុមហ៊ុន ឬក្រុមអ្នកផ្តល់សេវាវាយតម្លៃណានៅតែបន្តលួចផ្តល់តម្លៃបឋមជូនអតិថិជន ល្មើសនឹងយន្តការនេះអាចប្រឈមនឹងការព្រមាន ឬឈានដល់ការព្យួរ និងដកអាជ្ញាបណ្ណលែងឱ្យប្រកបអាជីវកម្មតែម្តង៕