
អ្នកឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN Group កត់សម្គាល់ឃើញថា ស្របពេលអាកាសយានដ្ឋានអន្តរជាតិ តេជោ គ្រោងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ទីផ្សារអចលនទ្រព្យនៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិនេះ ហាក់ទទួលបានការចាប់អារម្មណ៍ក្នុងការវិនិយោគច្រើន បើធៀបនឹងតំបន់ផ្សេងៗ ដ្បិតថា តំបន់នេះ គឺជាតំបន់ដែលមានការអភិវឌ្ឍថ្មីសម្រាប់ការរស់នៅ និងវិនិយោគ ដោយសារមានដីធ្លីនៅទំនេរច្រើន ខណៈតម្លៃអចលនទ្រព្យមួយចំនួននៅតំបន់នោះ ក៏នៅមានតម្លៃល្អសមរម្យ។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយអាកាសយានដ្ឋានអន្តរជាតិនេះ បើកឱ្យដំណើរការ នៅពេលអនាគតការអភិវឌ្ឍលំនៅឋាន និងតំបន់ពាណិជ្ជកម្មនៅតំបន់នោះនឹងកាន់តែមានសក្តានុពលខ្ពស់ ប៉ុន្តែត្រូវការចំណាយពេលវេលាបន្តិច។
ស្រដៀងគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០២៤ រហូតមកទល់ពេលនេះ តម្រូវការវិនិយោគអចលនទ្រព្យ នៅជុំវិញតំបន់អាកាសយានដ្ឋានអន្តរជាតិ តេជោ ហាក់មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ តម្រូវការវិនិយោគមានការកើនឡើងនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា ក៏ដោយសារនៅក្រោយពេលព្រលានយន្តហោះថ្មីនេះដាក់ឱ្យដំណើរការ នោះសកម្មភាពអាជីវកម្ម និងការវិនិយោគផ្សេងៗនឹងមានការកើនឡើង ព្រោះវាជាតំបន់ដែលមានសក្តានុពល និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងសម្បូរបែប។
សម្រាប់អ្នកឧកញ៉ា សំ សុខនឿន ទោះបីតំបន់ជុំវិញអាកាសយានដ្ឋានអន្តរតេជោ ជាតំបន់ដែលមានសក្តានុពលខ្ពស់ក្តី ប៉ុន្តែការវិនិយោគនៅតំបន់នោះ ក៏មានបញ្ហប្រឈមមួយចំនួនដែរ ដ្បិតថា ការសាងសង់អចលនទ្រព្យនៅតំបន់ក្បែរព្រលានយន្តហោះ គឺមិនអាចសាងសង់ខ្ពស់តាមការចង់បាននោះទេ។ ម្យ៉ាងទៀត ត្រូវការចំណាយពេលវេលាច្រើនដើម្បីទទួលបានផលចំណេញពីការវិនិយោគលើអចលទ្រព្យនោះត្រឡប់មកវិញ ដោយសារការអភិវឌ្ឍនៅតំបន់ថ្មីត្រូវការចំណាយពេលវេលាយូរប្រមាណ១០-២០ឆ្នាំឯណោះ។ ស្របពេលវិស័យអចលនទ្រព្យបច្ចុប្បន្នកំពុងជួបបញ្ហាការផ្គត់ផ្គង់លើសតម្រូវការប្រើប្រាស់ ដូច្នេះបើសិនមានគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗច្រើនទៅសាងសង់នៅតំបន់នោះ អ្នកជំនាញរូបនេះជឿថា វាអាចបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ នឹងបើកឱ្យប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិ តេជោ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ៕