យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កម្ពុជា បានស្នើឱ្យក្រុមវាស់វែងចម្រុះ នៃប្រទេសទាំងពីរ ចុះអនុវត្តការងារនៅលើដីជាក់ស្តែងចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ភារកិច្ចចម្បង គឺបន្តបោះបង្គោលបណ្ដោះអាសន្ននៅតាមបណ្ដោយព្រំដែន ចន្លោះបង្គោលលេខ៤២ ដល់ ៤៧ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលលេខ ៥២ដល់៨៩ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង រួមទាំងការសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមជំនាន់បារាំង។
បន្ថែមលើនេះ កម្ពុជា ក៏បានស្នើឱ្យមានការចុះវាស់វែងនៅតំបន់សំខាន់ៗផ្សេងទៀតចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា រួមមាន តំបន់បឹងត្រកួន, ច្រកទ្វារអន្តរជាតិ ថ្មដា, និងតំបន់អូរភ្លុកដំរីជាដើម។ កម្ពុជា ក៏ជំរុញឱ្យមានកិច្ចប្រជុំក្រុមប្រតិបត្តិការលើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះនៅដើមខែមីនា ដើម្បីពន្លឿនការងារខណ្ឌសីមាឱ្យបានឆាប់បំផុត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រឆាំងតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់យោធាថៃ ដែលកម្ពុជា ចាត់ទុកថា ជាការឈ្លានពាន និងកាន់កាប់ទឹកដីដោយខុសច្បាប់។ សកម្មភាពរំលោភបំពានទាំងនោះរួមមានការបង្ហោះដ្រូន និងរាយលួសបន្លា និងដាក់ទូរកុងតឺន័រ, ការជីកប្រឡាយ សាងសង់លេណដ្ឋាន និងកែប្រែបរិស្ថានព្រំដែននៅតំបន់ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ, ការប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា និងការបំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋខ្មែរ។ នេះជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០។
ទន្ទឹមនឹងនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានអះអាងពីជំហរម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី ដោយផ្អែកលើខ្សែព្រំដែន ដែលបន្សល់ទុកដោយអាណាព្យាបាលបារាំង-សៀម និងគោលការណ៍ច្បាប់អន្តរជាតិ ដែលមិនអាចកែប្រែបាន។ កម្ពុជានឹងមិនទទួលស្គាល់រាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ ហើយប្តេជ្ញាបន្តការងារបច្ចេកទេស ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ៕