
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា ការអនុវត្តដ៏គឃ្លើនរបស់កងទ័ពថៃ ដែលផ្ទុយនឹងកិច្ចព្រមព្រៀងលើបទឈប់បាញ់ អាចនឹងរងនូវចំណាត់ការថ្មីបន្ថែម រួមទាំងការដាក់សម្ពាធសេដ្ឋកិច្ចពីសហរដ្ឋអាម៉េរិក។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះ លើកឡើងថា ប្រសិនបើសហរដ្ឋអាម៉េរិក ដាក់សម្ពាធពន្ធបដិការលើប្រទេសថៃ នោះថៃនឹងរងបញ្ហាធំដល់សេដ្ឋកិច្ច ព្រោះអាចមានការខាតបង់ថវិការាប់ពាន់លានដុល្លារផងដែរ។
ដោយឡែក លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី កត់សម្គាល់ឃើញថា ភាគីថៃ នៅតែរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ តាមរយៈសកម្មភាពឈ្លានពានមកលើបូរណភាពជាតិកម្ពុជា បើទោះបីមានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ កំពុងឃ្លាំមើលការអនុវត្តក៏ដោយ។ បើតាមអ្នកនយោបាយរូបនេះ ភាពរញ៉េរញ៉ៃនៃគោលនយោបាយដឹកនាំប្រទេសរបស់ថៃ បានធ្វើឱ្យមានបញ្ហាប្រឈមក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជា។ ទោះយ៉ាងណា លោក មាជ សុវណ្ណរ៉ា ជឿជាក់ថា សហរដ្ឋអាម៉េរិកនឹងបន្តឃ្លាំមើលលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងមិនឱ្យភាគីណាមួយធ្វើសកម្មភាពតាមទំនើងចិត្តបាននោះទេ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលអ្នកផ្តួចផ្តើមគំនិតលើបទឈប់បាញ់ រវាងកម្ពុជា-ថៃ នោក្នុងកិច្ចសម្ភាសជាមួយអ្នកយកព័ត៌មាន Fox News នៅលើយន្តហោះ Air Force One នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានរំឭកឡើងអំពី បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលលោកបានផ្ដួចផ្ដើមដោះដំណោះស្រាយ សម្រាប់ជាឧទាហរណ៍ជាក់ស្ដែង ក្នុងការឈានទៅដោះស្រាយបញ្ហាជម្លោះ ព្រំដែន រវាងរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។ ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា គឺបានបង្ហាញពីការបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ របស់លោកត្រាំ ចំពោះបញ្ហាជម្លោះរវាងកម្ពុជា និងថៃ។
អត្ថបទ៖ បូ ដូឡា