វិស័យអាកាសចរណ៍

កម្ពុជា និងជប៉ុន តភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ ក្រោយបិទតាំងពីវិបត្តិជំងឺកូវីដ-១៩


​កម្ពុជា និងជប៉ុន បានភ្ជាប់ហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងតូក្យូឡើងវិញ ក្រោយបិទ​ដំណើរការអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ពោលគឺតាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ឡើងវិញនេះ ត្រូវបានថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ចាត់ទុកថា ជាជំហានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឈានដល់កិច្ចសហការលើវិស័យសំខាន់ៗជាច្រើនទៀត។
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចាត់​ទុកការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូឆ្លងកាត់ទីក្រុងហ្វូចូវ ប្រទេសចិនរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្នុងការជំរុញការតភ្ជាប់ជើងដឹកជញ្ជូនអ្នកដំណើរអន្តរជាតិ ឡើងវិញ រវាងកម្ពុជា និងជប៉ុន ក្រោយពីបានខកខានដាក់ដំណើរការជើងហោះហើរដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។ ជើងហោះហើរថ្មីនេះ វាក៏ជាការបន្ថែមលើផ្លូវហោះហើរដែលមានស្រាប់ ផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងចិនផងដែរ។ ឯកឧត្តម ជឿជាក់ថា ការរៀបចំឱ្យមានការហោះហើរទៅកាន់ប្រទេសជប៉ុនជាប្រវត្តិសាស្រ្តនាពេលនេះ នឹងចូលរួមឆ្លើយតបជាវិជ្ជមានទៅនឹងតម្រូវការវិស័យទេសចរណ៍ ពាណិជ្ជកម្ម ឡូជីស្ទីក និងការដោះដូរវប្បធម៌ប្រជាជនរវាងប្រទេសទាំងពីរ ព្រមទាំងវិស័យជាច្រើនទៀត។

ជាមួយគ្នានេះ ឯកឧត្តម អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចាត់ទុកការចាប់ផ្ដើមជើងហោះហើរត្រង់នេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសវានឹងផ្ដល់ឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល។ ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា ការអភិវឌ្ឍនេះនឹងនាំមកនូវឱកាសសម្រាប់ទំនាក់ទំនងថ្មីៗក្នុងវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងកម្មវិធី ផ្លាស់ប្តូរវប្បធម៌ជាដើម។

បើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ ការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៣ ដែលកំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសកលលោក ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន១សែននាក់ មានការកើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង៤លាន៥សែននាក់៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


នៅពេលដែលដួងចិត្តរាប់លានផ្តោតទៅលើបញ្ហាព្រំដែន

មានគ្រាប្រវត្តិសាស្ត្រដែលសាកល្បងស្មារតីនៃប្រជាជាតិទាំងមូល។ ទាំងនេះគឺជាគ្រាទុក្ខលំបាក តែមិនបានធ្វើឱ្យមនុស្សដួលនោះទេ ប៉ុន្តែផ្ទុយទៅវិញ បែរជាប…

លោក អាន់វ៉ា លើកឡើងថា សន្តិភាព និងវិបុលភាពរបស់អាស៊ាន មិនអាច​ប្រព្រឹត្តទៅដោយគ្មានការចូលរួមពីកិច្ចសហប្រតិបត្តិការផ្សេងទៀតនោះទេ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៥ បានលើកឡើងថា សន្តិភាព និងវិបុលភាពរបស់អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ