
លោក នីយុម ណុបផារ៉ាត់ (Niyom Nopparat) ដែលជាសកម្មជនក្រុមអាវក្រហម ដ៏លេចធ្លោ និងជាអ្នកគាំទ្របក្សភឿថៃ ដែលជាបក្សរបស់គ្រួសារត្រកូល ថាក់ស៊ីន បានដាក់ញត្តិស្នើសុំជាផ្លូវការឱ្យតុលាការធម្មនុញ្ញថៃ ឱ្យរំលាយបក្សភុមចៃថៃ ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក អានុទីន ឆានវីរៈគុល និងបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំជុំវិញការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (MOA) ដ៏ចម្រូងចម្រាសដែលបក្សទាំងពីរបានចុះហត្ថលេខារួមគ្នា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបច្ចុប្បន្ន។
ញត្តិនេះជំទាស់នឹងភាពស្របច្បាប់ នៃអនុស្សរណៈនៃកិច្ចព្រមព្រៀង (MOA) ដែលបានចុះហត្ថលេខារវាងបក្សទាំងពីរ ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិចដែលដឹកនាំដោយបក្សភុមចៃថៃ របស់លោក អានុទីន ឆានវីរៈគុល ដែលលោក នីយុម ណុបផារ៉ាត់ (Niyom Nopparat) អះអាងថា បំពានមាត្រា៤៩នៃរដ្ឋធម្មនុញ្ញទាក់ទងនឹងការប៉ុនប៉ងផ្តួលរំលំប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ។
លោក នីយុម ណុបផារ៉ាត់ (Niyom Nopparat) ធ្លាប់បានដាក់ពាក្យបណ្ដឹងនេះទៅអគ្គព្រះរាជអាជ្ញា ប៉ុន្តែពាក្យបណ្ដឹងនេះត្រូវបានផ្អឹបចោល។ ដោយមិនអស់ចិត្តលោក បានដាក់ញត្តិដោយផ្ទាល់ទៅកាន់តុលាការធម្មនុញ្ញ។ លោកបានលើកឡើងពីការជជែកដេញដោលក្នុងសភាដោយអតីតរដ្ឋមន្ត្រីសុខភាពសាធារណៈ គឺលោក ឆុលណាន ស្រ៊ីកែវ (Cholnan Srikaew) និងអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក តាវី សុតសង (Tawee Sodsong) ដែលបានចោទសួរថា តើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MOA) ដែលមាន៥ចំណុចខាងលើនេះ មានលក្ខណៈមិនស្របតាមរដ្ឋធម្មនុញ្ញ ឬយ៉ាងណា។
អនុស្សរណៈនៃកិច្ចព្រមព្រៀងនោះ បានបញ្ជាក់ថា លោក អានុទីន ឆានវីរៈគុល នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោមរដ្ឋាភិបាលសំឡេងភាគតិច ជាមួយនឹងការប្តេជ្ញាចិត្តរំលាយសភាក្នុងរយៈពេល៤ខែ ជាលក្ខខណ្ឌមួយដែលក្រុមអ្នករិះគន់ចាត់ទុកថា កិច្ចសន្យាទាសករ ដែលអាចធ្វើឱ្យអភិបាលកិច្ចប្រជាធិបតេយ្យបាត់ស្ថិរភាព ធ្វើឱ្យរដ្ឋាភិបាលចុះខ្សោយ ដែលមិនអាចរក្សាតុល្យភាពអំណាច និងធ្វើឱ្យបាត់បង់ទំនុកចិត្តពីពលរដ្ឋ៕
ដោយ: តែម សុខុម