វិស័យស្រូវ អង្ករ

តើផែនការកាត់បន្ថយការនាំចេញអង្កររបស់វៀតណាម ជាបញ្ហាប្រឈម ឬជាឱកាសសម្រាប់កម្ពុជា?


បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីពេលថ្មីៗ វៀតណាម បានដាក់ចេញគោលនយោបាយកាត់បន្ថយបរិមាណនាំចេញអង្ករយ៉ាងគំហុក ដោយកំណត់ត្រឹម៧លានតោននៅក្នុងឆ្នាំ២០២៦ និងបន្តបន្ទាបមកត្រឹម៤លានតោននៅត្រឹមឆ្នាំ២០៣០។ ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់កំពូលអ្នកនាំចេញអង្ករលំដាប់ពិភពលោកមួយនេះ បានធ្វើឱ្យអ្នកជំនាញសេដ្ឋកិច្ចលើកជាសំណួរថា តើកម្ពុជា គួរត្រៀមខ្លួនបែបណា ដើម្បីឆក់យកចំណែកទីផ្សារ ដែលវៀតណាម បោះបង់?
វិស័យស្រូវ អង្ករ
ដោយ

លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ឃើញថា ការដាក់ចេញគោលនយោបាយកាត់បន្ថយការនាំចេញអង្ករនាពេលអនាគតរបស់វៀតណាម មិនមែនមានន័យថា អ្នកក្បែរខាងកម្ពុជា មួយនេះ បោះបង់វិស័យកសិកម្មនោះទេ តែជាការធ្វើពិពិធកម្មដោយបង្វែរផ្ទៃដីដាំដុះស្រូវដែលចំណេញតិចទៅផលិតកសិផលដែលមានតម្លៃខ្ពស់ និងជំរុញខ្សែច្រវាក់តម្លៃបន្ថែមក្នុងវិស័យបច្ចេកវិទ្យា។ សម្រាប់អ្នកជំនាញរូបនេះ បានចាត់ទុកផែនការកាត់បន្ថយការនាំចេញអង្កររបស់វៀតណាម វាឱកាសមាសសម្រាប់កម្ពុជា ក្នុងការវាយលុកទីផ្សារអង្ករអន្តរជាតិ ជំនួសវៀតណាម ដែលជាអ្នកនាំចេញអង្ករដ៏ធំមួយនៅលើពិភពលោក ដ្បិតថា កម្ពុជា នៅមានសក្តានុពលដីធ្លី និងកម្លាំងផលិតដែលលើសពីតម្រូវការក្នុងស្រុក។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចចាត់ទុកផែនការកាត់បន្ថយការនាំចេញអង្ករដោយសារបញ្ហាទីផ្សារ និងតម្លៃអង្ករមានការធ្លាក់ចុះនេះ វៀតណាម ទំនងជាចង់ធ្វើពិពិធកម្មផលិតកម្មដោយងាកទៅផ្តោតលើការផលិតកសិផលដែលមានតម្លៃខ្ពស់ និងទទួលបានចំណេញច្រើនដូចជាដំណាំទុរេន ម្រេច និងកាហ្វេជាដើម។ តែយ៉ាងណាលោកហាក់បារម្ភចំពោះយុទ្ធសាស្ត្រនេះក្នុងការធ្វើឱ្យប៉ះពាល់ដល់ការនាំចេញស្រូវរបស់កម្ពុជា ទៅវៀតណាម ដែលអាចធ្វើឱ្យតម្លៃស្រូវកម្ពុជា ធ្លាក់ចុះជាដើម។ ទន្ទឹមនឹងនេះ លោក​ស្នើឱ្យក្រសួងកសិកម្ម ជួយតម្រង់ទិសកសិករឱ្យបង្វែរមកដាំដំណាំយុទ្ធសាស្ត្រផ្សេងទៀតដូចជាទុរេន គ្រាប់ស្វាយចន្ទី និងកៅស៊ូ ដើម្បីកុំឱ្យពឹងផ្អែកតែលើស្រូវមួយមុខ។

​ជាមួយគ្នានេះ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជឿជាក់ថា គោលនយោបាយកាត់បន្ថយការនាំចេញអង្កររបស់វៀតណាមនេះ នឹងមិនប៉ះពាល់ដល់ទីផ្សារស្រូវរបស់កម្ពុជា នោះទេ។ ឯកឧត្តមពន្យល់ថា ទោះបីវៀតណាម កាត់បន្ថយការនាំចេញអង្ករ ប៉ុន្តែវៀតណាម នៅតែត្រូវការនាំចូលស្រូវពីកម្ពុជា ដើម្បីកែច្នៃ និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ លើសពីនេះ កម្ពុជា ខ្លួនឯង ក៏កំពុងសិក្សាស៊ីជម្រៅលើការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងអង្ករខ្មែរលើឆាកអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវ អង្ករកម្ពុជា នៅឆ្នាំ២០២៥ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ក្នុងបរិមាណជាង៦លានតោន ដែលគិតជាទឹកប្រាក់មានតម្លៃជាង១,៥០០លានដុល្លារអាម៉េរិក។ វៀតណាម នៅតែជាច្រកនាំចេញដ៏សំខាន់សម្រាប់កសិផលកម្ពុជា ប៉ុន្តែការប្រែប្រួលយុទ្ធសាស្ត្ររបស់ប្រទេសជិតខាងមួយនេះ គឺជាសញ្ញាហានិភ័យមួយដែលតម្រូវឱ្យកម្ពុជាត្រូវតែពង្រឹងសមត្ថភាពកែច្នៃ និងបង្កើនការនាំចេញអង្ករឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញកត់សម្គាល់ឃើញថា ជនជាតិចិន សម្រុកចាកចេញពីកម្ពុជា នាពេលចុងក្រោយនេះ ក្រោយមានការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមអនឡាញ

ក្រោយរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើយុទ្ធនាការបង្ក្រាបករណីឆបោកតាមអនឡាញយ៉ាងក្ដៅ គគុកនោះ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានជនបរទេស ពិសេសជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ