ឥណ្ឌូនេស៊ីគាំទ្រការសម្រេចចិត្តរបស់កម្ពុជា

ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុី៖ ការសម្រេចនាំ យកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ


ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានអះអាងថា ការសម្រេចរបស់រាជរដ្ឋភិបាលកម្ពុជាក្នុងការនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលកំពុងមានបញ្ហាជាមួយប្រទេសថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិជាជម្រើសនៃដំណោះស្រាយមួយដែលអាចធ្វើបាន។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ក៏ទទួលស្វាគមន៍ធ្វើជាអ្នកជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហានេះផងដែរ ប្រសិនបើភាគីកម្ពុជានិងថៃស្នើសុំ។
ឥណ្ឌូនេស៊ីគាំទ្រការសម្រេចចិត្តរបស់កម្ពុជា
ដោយ

នាវេទិកាសារព័ត៌មានស្តីពី«ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី និងការអភិវឌ្ឍនៅកម្ពុជា»នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា​ ការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិជាជម្រើសដែលអាចទៅរួច ដ្បិតថាកន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់យកសំណុំរឿងជម្លោះទៅដោះស្រាយនៅតុលាការអន្តរជាតិនេះដែរ តែយ៉ាងណាការដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ គឺត្រូវការការឯកភាពគ្នាពីភាគីទាំងសងខាង។ លោកបានបន្ថែមថា បើកម្ពុជា និងថៃចង់ឳ្យឥណ្ឌូនេស៊ី ឬប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះជួយធ្វើជាអ្នកសម្របសម្រួលដោះស្រាយបញ្ហាជម្លោះនេះ ក៏ជាជម្រើសមួយអាចទៅរួចផងដែរ។

បើតាមលោក Santo Darmosumarto រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្តល់ជំនួយយោធាដល់កងយោធពលខេមរភូមិន្ទមានតម្លៃចំនួន៥០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខរវាងប្រទេសកម្ពុជា-ឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ី ក៏ធ្លាប់ជាតួអង្គសំខាន់ក្នុងកិច្ចចរចារស្វែងរកសន្តិភាពសម្រាប់កម្ពុជានៅក្នុងសម័យអ៊ុនតាក់ ថែមទាំងបានបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួន៤ពាន់នាក់មកកម្ពុជាផងដែរ។ យ៉ាងណាមិញ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០១១ ឥណ្ឌូនេស៊ីក៏បានសម្របសម្រួលលើកិច្ចសន្ទនាលើជម្លោះព្រំដែនរវាងកម្ពជា និងថៃផងដែរ។

គួរជម្រាបថា រាជរដ្ឋាភិបាលថៃនៅថ្ងៃទី៤ ខែមិថុនា បានចេញមកបដិសេធនឹងសំណើរបស់ភាគីកម្ពុជា ដែលគ្រោងនាំយកសំណុំរឿងព្រំដែនទាក់ទងនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និងប្រាសាទតាក្របី បញ្ជូនទៅកាន់តុលាការយុតិធម៌អន្តរជាតិ ដោយភាគីថៃសុំត្រឹមដោះស្រាយបញ្ហាទាំងអស់នេះតាមរយៈយន្ដការទ្វេភាគី ដែលមានស្រាប់តែប៉ុណ្ណោះ ខណៈរាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរប្ដឹងប្រទេសថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឈានទៅបញ្ចប់បញ្ហាស្របទៅតាមច្បាប់អន្តរជាតិ។ សូមបញ្ជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឡើងកម្ដៅខ្លាំង នៅក្រោយពេលដែលមានហេតុការណ៍ទាហានថៃបានចូលវាយឆ្មក់ទាហានកម្ពុជានៅតំបន់មុំ៣ បង្កឱ្យទាហានកម្ពុជាម្នាក់ពលីជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន




អត្ថបទបន្ទាប់


តើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ជានរណា?

ទីបំផុតកូរ៉េខាងត្បូង ជ្រើសរើសបានប្រធានាធិបតីថ្មីជំនួសលោក យូន ស៊ុកយូល ហើយ ក្រោយប្រជាជាតិ ដែលមានប្រជាជនសរុបជាង៥០លាននាក់នេះ រស់នៅក្រោមស្…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ