ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា មកដល់ពេលនេះមានបរធនបាលកិច្ចបានបង្កើត និងចុះបញ្ជីកើនដល់១ពាន់៦រយករណីក្នុងទំហំបរធនប្រមាណ២ពាន់២៥៦លានដុល្លារអាម៉េរិក ខណៈការចុះបញ្ជីក្នុងពេលដំណើរការបរធនបាលកិច្ចកាលពីឆ្នាំ២០២១ មានត្រឹមតែ១៧ករណី និងទំហំបរធនប្រមាណ១៥៦លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ។ បើតាមថ្នាក់ដឹកនាំរូបនេះ នៅមួយរយៈចុងក្រោយនេះ តួអង្គក្នុងវិស័យបរធនបាលកិច្ចមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈមកដល់ពេលនេះមានបរធនបាលចំនួន៤៤ ក្នុងនោះមានក្រុមហ៊ុនចំនួន១៦ជាបរធនបាល និង២៨ជាធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណ។ ភាពរីកចម្រើនរបស់វិស័យបរធនបាលកិច្ចនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានឯកឧត្តម សុខ ដារ៉ា គូសបញ្ជាក់ថា ដោយសារគោលនយោបាយរបស់រជរដ្ឋាភិបាលកម្ពុជា ដែលមានឆន្ទៈខ្ពស់រួមទាំងការដាក់ឱ្យដំណើរការទាំងទីផ្សារ និងនិយ័តករមានភាពច្បាស់លាស់ដោយមានយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរយៈពេលវែង និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ជាដើម។
ជាមួយគ្នានេះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៥ ថា ការដាក់ឱ្យដំណើរការបរធនបាលកិច្ច និងការជំរុញក្នុងវិស័យដ៏សំខាន់នេះ គឺជាឆន្ទៈ និងគោលនយោបាយច្បាស់លាស់ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាបន្ន ខណៈវិស័យនេះត្រូវបានកំណត់ជាអាទិភាពដែលមានចែងក្នុងគោលនយោបាយបញ្ចកោណទី៣ នៃការអភិវឌ្ឍន៍វិស័យឯកជន និងការងារជាដើម។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិស័យបរធនបាលកិច្ច ដែលមានមុខងារសំខាន់ជាច្រើនក្នុងការបង្កើនការវិនិយោគក្នុងស្រុក ដែលជាប្រភពក្នុងការបន្ថែមចំណូលពន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍វិស័យនេះច្បាស់លាស់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា តាមរយៈចក្ខុវិស័យរយៈពេលមធ្យម និងរយៈពេលវែងស្របតាមបទបទបញ្ញត្តិនានា វិស័យបរធនបាលកិច្ចនឹងកាន់តែឆ្លើយតបជាមួយនិន្នាការទីផ្សារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ខេមបូណូមីស