ធនាគារកណ្តាលចិន បានចេញមកបញ្ជាក់ជាថ្មីថា រាល់សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណឌីជីថល ឬគ្រីបតូនៅតែខុសច្បាប់នៅប្រទេសចិន ហើយបានព្រមានថា គ្រីបតូ Stablecoin មានហានិភ័យខ្ពស់ណាស់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុចិន។ ធនាគារកណ្ដាលចិន បានអះអាងថា រូបិយប័ណ្ណឌីជីថល Stablecoins មិនអាចបំពេញបានតាមច្បាប់ប្រឆាំងការលាងលុយកខ្វក់នោះទេ ហើយវាអាចនឹងត្រូវបានប្រើប្រាស់សម្រាប់ការផ្ទេរប្រាក់ខុសច្បាប់ ការឆបោក និងការទូទាត់សម្ងាត់គ្មានប្រភពច្បាស់លាស់ ដែលគំរាមកំហែងដល់សន្តិសុខហិរញ្ញវត្ថុរបស់មហាយក្សចិន។
ខណៈដែលក្រុងហុងកុង កំពុងអភិវឌ្ឍទីផ្សាររូបិយប័ណ្ណគ្រីបតូ ដែលស្ថិតក្រោមការគ្រប់គ្រងដោយច្បាប់ ទីក្រុងប៉េកាំងនៅតែបន្តហាមឃាត់ការជួញដូរ និងការ Mining រូបិយប័ណ្ណគ្រីបតូ ហើយកំពុងផ្សព្វផ្សាយលើកកម្ពស់ប្រាក់យន់ឌីជីថល (Digital Yuan) ផ្ទាល់ខ្លួនដែលតាមការអះអាងថាមានអ្នកប្រើប្រាស់ចំនួន២២៥លានហើយ។ កាលពីពេលថ្មីៗប្រទេសចិន ក៏បានជំរុញឱ្យក្រុងហុងកុង បន្ថយល្បឿនគម្រោងនានាទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូផងដែរ។
ទន្ទឹមនេះ លោក ចូវ ស៊ាវឈួន (Zhou Xiaochuan) អតីតទេសភិបាលធនាគារកណ្តាលចិន ក៏បានព្រមានដែរថា ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល Stablecoins ច្រើនពេកអាចជំរុញឱ្យមានការសម្រុកទិញ Stablecoins ទុកលក់ចេញយកចំណេញដែលមិនមែនជាតម្រូវការប្រើប្រាស់ជាក់ស្ដែង ហើយកត្តានេះនឹងធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុអស្ថិរភាព៕
ដោយ: តែម សុខុម