អាម៉េរិក-អារ៉ាប៊ីសាអ៊ូឌីត

ទំនាក់ទំនងរវាងអាម៉េរិក និងអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានស្ដារឡើងវិញ ក្រោយពាក់មុខយក្សដាក់គ្នាអស់ជាង៧ឆ្នាំ


ក្រោយពាក់មុខយក្សដាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអារ៉ាប៊ីសាអូឌីត ត្រូវបានស្តារឡើងវិញហើយ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បើកទ្វារទីក្រុងវ៉ាស៊ីតោន ទទួលស្វាគមន៍ព្រះអង្គម្ចាស់ មូហាមេដ ប៊ិន សាលមេន (Mohammed bin Salman) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាម៉េរិក-អារ៉ាប៊ីសាអ៊ូឌីត
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានបើកទ្វារសេតវិមានស្វាគមន៍ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មូហាមេដ ប៊ិន សាលមេន ជាលើកដំបូងក្នុងរយៈពេលជាង៧ឆ្នាំកន្លងមកនេះ បន្ទាប់ពីកើតមានករណីឃាតកម្មលើអ្នកសារព័ត៌មានអាម៉េរិកម្នាក់កាលពីឆ្នាំ២០១៨ ដែលកាលនោះសហរដ្ឋអាម៉េរិកបានដាក់ការសង្ស័យថា មានការជាប់ពាក់ព័ន្ធជាមួយព្រះអង្គម្ចាស់រូបនេះ ដែលធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសមានល្អក់កករមើលមុខគ្នាមិនចំ។

ក្រោយជាប់ក្នុងការសង្ស័យអស់រយៈពេលជាច្រើនមកនេះ លោក ដូណាល់ ត្រាំ បានអះអាងថា ព្រះអង្គម្ចាស់រាជទាយាទរូបនេះមិនដឹងអ្វីទាំងអស់អំពីករណីឃាតកម្មលើអ្នកកាសែតអាម៉េរិក ដែលបានកើតឡើងនៅអារ៉ាប៊ីសាអូឌីតនោះទេ។ លើសពីនេះ លោក ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងកំណត់យកអារ៉ាប៊ីសាអូឌីតធ្វើជាសម្ពន្ធមិត្ត ខណៈភាគីទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងស្តីពី ការលក់អាវុធ កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែ​ស៊ីវិល បញ្ញាសិប្បនិម្មិត និងរ៉ែកម្រសំខាន់ៗ។ បើតាមការអះអាងរបស់សេតវិមាន នៅក្នុងជំនួបនោះប្រទេស​ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ជាយុទ្ធសាស្ត្រ ដែលជាការពង្រឹងការទប់ស្កាត់នៅទូទាំងមជ្ឈិមបូព៌ា។

នៅក្នុងជំនួបខាងលើ លោក ត្រាំ បានអនុម័តលើការដឹកជញ្ជូនយន្តហោះចម្បាំង F-35 នាពេលអនាគតទៅកាន់អារ៉ាប៊ីសាអូឌីត ដោយប្រភពខ្លះអះអាងថា ក្រុងរីយ៉ាត បានចុះកិច្ចព្រមព្រៀងទិញយន្តហោះនេះចំនួន៤៨គ្រឿង ហើយក្រៅពីនោះ អារ៉ាប៊ីសាអូឌីត ក៏បានយល់ព្រមទិញរថក្រោះអាម៉េរិក ចំនួន៣00 គ្រឿងបន្ថែមទៀតផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យយោធា អារ៉ាប៊ីសាអូឌីត ក៏បានសន្យាថា នឹងបង្កើនការវិនិយោគនៅសហរដ្ឋអាម៉េរិកផងដែរ៕

ដោយៈ សរ សុជាតិ




ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ