
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា មកទល់ពេលនេះសាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន៥៩៧គ្រឿងរួចរាល់ហើយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា តាមរយៈរថយន្តក្រុងនេះ អាចដឹកជញ្ជូនពលរដ្ឋបានប្រមាណ៨ម៉ឺននាក់ ដែលអាចជួយសន្សំប្រាក់ដល់ពលរដ្ឋសរុបបានប្រមាណ១លាន៦សែនដុល្លារ។ តែយ៉ាងណា លោកស្រី មិនបញ្ជាក់ពីទំហំចំណាយរបស់រាជរដ្ឋាភិបាលចំពោះការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃនេះនោះទេ។
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅលេងស្រុកកំណើត ចន្លោះពីថ្ងៃទី២០-២៥ខែកញ្ញា អាចមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញបាន ពីព្រោះរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំឱ្យមានអ្នកបើកបរប្រកបដោយក្រមសីលធម៌ និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ។
គួរបញ្ជាក់ថា ស្ថានីយរថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃនេះមានចំនួន៦ទីតាំង ដូចជាស្ថានីយរថយន្តក្រុងវាលស្បូវ ស្ថានីយរថយន្តក្រុងចាក់អង្រែលើ ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ដីឡូត៍តំបន់ OCIC ជ្រាយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ដោយម៉ោងចេញដំណើរចាប់ពីម៉ោង៦កន្លះព្រឹករហូតដល់ម៉ោង១១កន្លះព្រឹក៕