បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បច្ចុប្បន្នក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងសហការគ្នាស្វែងរកយុត្តិធម៌ដល់យុវតី ដែលរងការរំលោភបំពានផ្លូវភេទដ៏ព្រៃផ្សៃនេះ។ តើកម្ពុជាគួរធ្វើយ៉ាងណា ដើម្បីអាចចាត់វិធានការលើក្រុមទាហានទាំងនេះបាន?
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានគូសបញ្ជាក់ថា ករណីទាហានឈុតខ្មៅរបស់ថៃរំលោភបូកយុរវតីខ្មែរម្នាក់យ៉ាងសាហាវព្រៃផ្សៃកាលពីពេលថ្មីៗនេះ មិនថាក្នុងប្រទេសកម្ពុជា ឬប្រទេសថៃនោះទេ វាជាអំពើល្មើសច្បាប់ ដែលអាចប្រឈមនឹងទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ។ អ្នកនាំពាក្យរូបនេះស្នើឱ្យរដ្ឋាភិបាលថៃគួរបើកការស៊ើបអង្កេតឯករាជ្យដោយតម្លាភាព ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ និងបានចាត់ទុកទង្វើអមនុស្សធម៌របស់ក្រុមទាហានថៃនេះជាអំពើដ៏សាហាវយង់ឃ្មង ដែលខុសទាំងច្បាប់របស់ថៃ និងច្បាប់អន្តរជាតិ។
ជាមួយគ្នានេះលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទកត់សម្គាល់ឃើញថា ការរំលោភបំពានផ្លូវភេទស្ទើរតែក្លាយទៅជាទម្លាប់របស់ទាហានឈុតខ្មៅរបស់ថៃទៅហើយ ដោយពួកគេតែងតែប្រើច្បាប់ព្រៃចាប់រំលោភលើនារីណា ដែលពួកគេចាប់បានមិនថា ជានារីជនជាតិខ្មែរ ឬនារីជនជាតិផ្សេងនោះទេ។ បើតាមលោកមេធាវី សុខ សំអឿន ការចាប់រលោភសេពសន្ថវៈ ដែលក្រុមទាហានឈុតខ្មៅថៃបានប្រព្រឹត្តិមកលើនារីខ្មែរនេះ មិនត្រូវអន់ឱន ឬមើលរំលងបាននោះទេ ដោយរដ្ឋាភិបាលកម្ពុជាត្រូវតែដាក់ពាក្យប្ដឹងទៅភាគីថៃ ដើម្បីទុកជាមេរៀនដល់ទាហានថៃផ្សេងទៀត ដើម្បីឱ្យពួកគេគោរពសិទ្ធិនារីទាំងជាតិ និងអន្តរជាតិ។
ដោយឡែកលោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានបង្ហាញការរន្ធត់ជាពន់ពេកចំពោះទង្វើអមនុស្សធម៌របស់ក្រុមទាហានថៃ ដែលនាំគ្នាចាប់រំលោភយ៉ាងព្សៃផ្សៃលើយុវតីខ្មែរ ដែលជាអំពើដែលពិភពលោកស្អប់ខ្ពើម។ បើតាមការអះអាងរបស់លោកស្រី ចាន់ឌី កាលពីកន្លងទៅក្រុមទាហានថៃធ្លាប់បានប្រព្រឹត្តិទង្វើបែបនេះលើនារីជនជាតិមីយ៉ាន់ម៉ា និងធ្លាប់មានករណីស្រដៀងគ្នានេះកើតមានជាហូរហែផងដែរ។ អ្នកជំនាញរូបនេះចាត់ទុកទង្វើដ៏ព្រៃផ្សៃរបស់ក្រុមទាហានថៃនេះកំពុងរុញច្រានជម្លោះព្រំដែនរវាងកម្ពុជា និងថៃឱ្យឡើងកម្ដៅបន្ថែមទៀត ហើយលោកស្រីស្នើឱ្យភាគីទាំងសងខាងកម្ពុជា និងថៃត្រូវសហការចាប់ជនល្មើសមកផ្ដន្ទាទោសឱ្យខាងតែបាន ដើម្បីជៀសវាងកើតមានរូបភាពនេះម្ដងទៀតមកលើនារីខ្មែរ។
ពាក់ព័ន្ធបញ្ហានេះដែរឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ជុំវិញករណីទាហានឈុតខ្មៅថៃចាប់រំលោភបូកលើយុវតីជាពលករខ្មែរជារឿងបានកើតឡើងយ៉ាងពិតប្រាកដមែន ដោយបច្ចុប្បន្នក្រសួងការងារជាមួយក្រសួងមហាផ្ទៃ រួមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតកំពុងសហការគ្នា ដើម្បីស្វែងរកយុត្តិធម៌ដល់យុវតីរងគ្រោះ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃកំពុងប្រមូលព័ត៌មានទាក់ទងករណីទាហានថៃរំលោភបំពានលើយុវតីខ្មែរដ៏សាហាវនេះ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាបង្ហាញទៅអន្តរជាតិជុំវិញអំពើដ៏ស្មោកគ្រោករបស់ទាហានថៃ ហើយកម្ពុជាក៏មិនអាចទទួលយកបាននោះដែរ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា