ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងស្ថិតក្នុងខេត្តបាត់ដំបង បានឱ្យដឹងថា មកដល់ពេលនេះ កន្ទក់អាចលក់បានក្នុងតម្លៃចន្លោះពី៧០០រៀលទៅជាង៨០០រៀលក្នុង១គីឡូក្រាម ខណៈចុងអង្ករអាចលក់បានក្នុងតម្លៃចន្លោះពី៩០០រៀលទៅ១ពាន់រៀលក្នុង១គីឡូក្រាម ពោលគឺអាស្រ័យលើគុណភាព។ បើតាមការអះអាងរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ តម្លៃកន្ទក់ និងចុងអង្ករនៅឆ្នាំនេះប្រហាក់ប្រហែលនឹងឆ្នាំមុន តែធៀបនឹង៣ឆ្នាំមុនមានការធ្លាក់ចុះបន្តិចដោយកាលណោះអាចលក់បានចម្លោះពី១,២០០ទៅ១,៣០០រៀលក្នុង១គីឡូក្រាម។ បើតាមម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ កន្ទក់ និងចុងអង្ករត្រូវបានគេយកទៅប្រើប្រាស់ជាចំណីសត្វ នឹងអាចកែច្នៃជាផលិតផលផ្សេងទៀតផងដែរ ខណៈមកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវរបស់លោកពុំមានការកកស្ទះកន្ទក់ និងចុងអង្ករនៅក្នុងឃ្លាំងនោះទេ។
ស្រដៀងគ្នានេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា តម្លៃកន្ទក់ និងចុងអង្ករមានតម្លៃប្រហាក់ប្រហែលគ្នា ខណៈទីផ្សារវិញត្រូវបានក្រុមហ៊ុនប្រមូលទិញកែច្នៃធ្វើជាចំណីសត្វ និងផលិតផលផ្សេងៗ។ ហើយក្រៅពីនេះ ក៏មានការនាំចេញទៅទីផ្សារប្រទេសវៀតណាម ផងដែរ។ បើតាមអ្នកជំនាញរូបនេះ តម្លៃកន្ទក់ និងចុងអង្ករអាចមានការឡើងចុះ គឺអាស្រ័យលើការនាំចូលវត្ថុធាតុដើមដូចពោត និងកាកសណ្ដែកជាដើម។
សូមបញ្ជាក់ថា កន្ទក់ និងចុងអង្ករ គឺជាវត្ថុធាតុដើមសម្រាប់កែច្នៃធ្វើជាចំណីសត្វ និងផលិតផលផ្សេងៗ។ ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កន្ទក់ និងចុងអង្កររបស់កម្ពុជា ក៏ត្រូវបាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ផងដែរ។ កាលពី៣ទៅ៤ឆ្នាំមុនកន្ទក់ និងចុងអង្ករអាចលក់បានក្នុងតម្លៃចន្លោះពី១,២០០ទៅ១,៣០០រៀលក្នុង១គីឡូក្រាម៕
អត្ថបទ៖ បូ ដូឡា