ក្រោយកម្ពុជា នាំចេញអង្ករសម្រេចបានប្រមាណ៩៤ម៉ឺនតោននៅក្នុងឆ្នាំ២០២៥ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា កម្ពុជានឹងអាចឈានទៅសម្រេចគោលដៅនាំចេញអង្ករឱ្យបាន១លានតោននៅត្រឹមឆ្នាំ២០២៦។ ការរំពឹងបែបនេះធ្វើឡើងក្រោយកម្ពុជា បានសិក្សាពីការពង្រឹង និងពង្រីកការនាំចេញអង្ករទៅកាន់ទីផ្សារចាស់ និងទីផ្សារថ្មីៗដូចជាចិន ហ្វីលីពីន ម៉ាឡេស៊ី សហគមន៍អន្តរជាតិ សហរដ្ឋអាម៉េរិក និងប្រទេសផ្សេងៗទៀត។
លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយជឿជាក់ថា កម្ពុជានឹងអាចសម្រេចគោលដៅនាំចេញអង្ករឱ្យបាន១លានតោននៅត្រឹមឆ្នាំ២០២៦ ប្រសិនជាកម្ពុជា អាចរកទីផ្សារថ្មីៗឱ្យបានច្រើនបន្ថែមទៀត។ តែយ៉ាងណាអ្នកជំនាញរូបនេះ ក៏បានលើកឡើងពីបញ្ហាប្រឈមដែលអាចធ្វើឱ្យរាំងស្ទះក្នុងការឈានទៅសម្រេចបានគោលដៅនេះផងដែរដូចជាប្រព័ន្ធដឹកជញ្ជូនច្រើនដំណាក់កាលធ្វើការចំណាយខ្ពស់ រោងម៉ាស៊ីនកិនស្រូវប្រឈមនឹងតម្លៃអគ្គិសនីខ្ពស់ ខ្វះដើមទុនដែលមានការប្រាក់ទាប និងឡរសម្ងួតនៅមានចំនួនតិចជាដើម។ យ៉ាងណាមិញ អ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋាភិបាលគួរតែអនុវត្តគោលនយោបាយដែលមានដូចជាការសាងសង់ឃ្លាំងសម្រាប់សម្ងួតស្រូវស្តុកទុក ដើម្បីអាចជួយប្រមូលទិញស្រូវពីកសិករបានច្រើនបន្ថែមទៀត និងជួយរក្សាតម្លៃស្រូវកុំឱ្យធ្លាក់ចុះ។
បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងឆ្នាំ២០២៥ កម្ពុជា នាំចេញអង្ករសម្រេចបាន៩៤ម៉ឺនតោនមានការកើនឡើង៤៥% បើធៀបនឹងឆ្នាំ២០២៤។ អង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់៧៥គោលដៅទីផ្សារ ក្នុងនោះមាន២៨ប្រទេសនៅទ្វីបអ៊ឺរ៉ុប និងមាន៣៧ប្រទេសនៅអាហ្វ្រិក មជ្ឈិមបូព៌ា ហើយមាន៨ប្រទេសនៅក្នុងបណ្ដាសមាជិកអាស៊ាន និងទៅប្រទេសចិន៕
អត្ថបទ៖ ជា ម៉ារ៉ា