វិស័យស្រូវ អង្ករ

តើភាគីពាក់ព័ន្ធគួរធ្វើបែបណា ដើម្បីជួយឱ្យស្រូវអាចរក្សាបានក្នុងតម្លៃសមរម្យក្នុងរយៈពេលវែង?


តម្លៃស្រូវនៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ដោយភាគីពាក់ព័ន្ធកំពុងរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហានេះ។ ជាក់ស្តែងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យរោងម៉ាស៊ីនជួយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ និងឱ្យម្ចាស់ដេប៉ូជីថ្នាំជួយពន្យារពេលការទូទាត់សងដល់កសិករ ក៏ដូចជាម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដីជាដើម។
វិស័យស្រូវ អង្ករ
ដោយ

ជាមួយគ្នានេះក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជា ក៏បានប្រកាសជួយប្រមូលទិញស្រូវពីកសិករដោយផ្តល់តម្លៃសមរម្យ ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាតម្លៃស្រូវមានការធ្លាក់ចុះក្នុងអន្តរកាលនេះផងដែរ។ តែយ៉ាងណានេះគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីតែប៉ុណ្ណោះ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ការធ្លាក់ចុះតម្លៃស្រូវនាពេលបច្ចុប្បន្នភាគីពាក់ព័ន្ធគួរចៀសវាងដាក់បន្ទុកលើការបង្កើនការដាំដុះរបស់កសិករ ព្រោះវាជាប្រភពចំណូលដ៏ធំមួយរបស់ពួកគេ ហើយអ្វីដែលភាគីពាក់ព័ន្ធគួរធ្វើក្នុងកាលៈទេសៈនេះ គឺជួយស្វែងដំណោះស្រាយសមស្របណាមួយក្នុងការដោះស្រាយបញ្ហានេះ។ បើតាមការយល់ឃើញរបស់អ្នកជំនាញរូបនេះ ដើម្បីអាចជួយឱ្យតម្លៃស្រូវអាចលក់បានក្នុងតម្លៃសមរម្យទាមទារឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការរួមគ្នាដោះស្រាយជាកញ្ចប់ តាមរយៈការចុះប្រមូលព័ត៌មានពីកសិករឱ្យបានច្បាស់លាស់ ក៏ដូចជាទម្លាក់ថវិកាជួយប្រមូលទិញស្រូវពីកសិករ និងបង្កើតផែនការកែច្នៃដំណាំស្រូវ ក៏ដូចជាបង្កើតខ្សែច្រវាក់ផលិតកម្មស្រូវបន្ថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមសង្កេតឃើញថា ស្រូវនៅឆ្នាំនេះ ហាក់បានធ្លាក់ថ្លៃខ្លាំងជាងឆ្នាំមុនៗដោយសារតែមានវិបត្តិជាច្រើនដូចជាវិវាទតាមព្រំដែនកម្ពុជា ជាមួយថៃ ដែលបានធ្វើឱ្យតម្លៃស្រូវធ្លាក់ថ្លៃ គួបផ្សំមានសង្គ្រាមរុស្សីជាមួយអ៊ុយក្រែន សង្គ្រាមពាណិជ្ជកម្មអាម៉េរិក ជាមួយចិន និងបញ្ហាភូមិសាស្រ្តនយោបាយសេដ្ឋកិច្ចផ្សេងទៀត ដែលបានប៉ះពាល់ដល់តម្លៃអង្ករនៅលើទីផ្សារពិភពលោក។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យតម្លៃស្រូវអាចលក់បានតម្លៃល្អ ទាមទារឱ្យភាគីពាក់ព័ន្ធក្រៅពីក្រសួងកសិកម្ម ដូចជាក្រសួង និងមន្ទីរពាណិជ្ជកម្ម និងឧស្សាហកម្ម ក៏ដូចជាម្ចាស់បំណុលរបស់ពលរដ្ឋ ជួបពិភាក្សាគ្នារកដំណោះស្រាយជូនដល់សិករ ធ្វើយ៉ាងណាឱ្យថ្លៃដើមផលិតមានតម្លៃទាប និងជួយពន្យារពេលការសងបំណុលរបស់ពលរដ្ឋជាដើម។

ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងមានការធ្លាក់ចុះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើឱ្យឈ្មួញ និងរោងម៉ាស៊ីនកិនស្រូវជួយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃមួយសមរម្យ និងស្នើឱ្យម្ចាស់កម្ចី ម្ចាស់ដេប៉ូជីថ្នាំជួយពន្យារពេលក្នុងការទូទាត់សងរបស់កសិករ ក៏ដូចជាម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលជួលដីជាដើម។ បើតាមរដ្ឋមន្ត្រី្កក្រសួងកសិកម្មរូបនេះ ក្រសួងតែងតែខិតខំជួយដោះស្រាយបញ្ហាតម្លៃស្រូវរបស់កសិករជាបន្តបន្ទាប់ តាមរយៈការបង្កើតជាសហគមន៍កសិកម្មទំនើប ដែលអាចឱ្យកសិករទទួលបានការធានាតម្លៃទុកជាមុន និងទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប និងកាត់បន្ថយថ្លៃដើមផលិតជាដើម។

ពាក់ព័ន្ធបញ្ហាតម្លៃស្រូវមានការធ្លាក់ចុះនេះដែរ មានការលើកឡើងពីហេតុផលផ្សេងៗគ្នា ក្នុងនោះអ្នកខ្លះថា ការធ្លាក់ចុះនេះ គឺដោយសារមានឈ្មួញម៉ៅផ្តាច់ក្នុងការប្រមូលទិញស្រូវនៅតាមតំបន់ និងខេត្តនីមួយៗ អ្នកខ្លះថា ដោយសារការផលិតលើសតម្រូវការ និងអ្នកខ្លះថា ដោយសារទីផ្សារអន្តរជាតិ។ យ៉ាងណាមិញលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា មិនមានឈ្មួញកណ្តាលធំៗម៉ៅផ្តាច់លើការទិញស្រូវនៅតាមខេត្តនីមួយនោះទេ ដៅនៅក្នុងខ្សែច្រវាក់ផលិតកម្មស្រូវអង្គរឈ្មួញកណ្តាលមានតួនាទីដើរប្រមូលទិញស្រូវពីកសិករ ដើម្បីលក់ទៅឱ្យរោងម៉ាស៊ីនកិនស្រូវក្នុងតម្លៃដែលបានឯកភាពគ្នា ខណៈឈ្មួញចុះដើរប្រមូលទិញមានរាប់ម៉ឺននាក់នៅទូទាំងប្រទេស។ បើតាមអ្នកជំនាញរូបនេះ បញ្ហាតម្លៃស្រូវមានការធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីកត្តាតម្រូវការ និងទីផ្សារអង្ករអន្តរជាតិធ្លាក់ចុះ ក្រោយប្រទេសជាច្រើនបង្កើនការដាំដុះ ដែលជំរុញឱ្យស្តុកអង្កររបស់ប្រទេសនីមួយៗមានកំណើនខ្ពស់៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើកម្ពុជា គួរបង្កើតច្បាប់ ដើម្បីគ្រប់គ្រងលើអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្ដាញសង្គមឬយ៉ាងណា?

ការផលិតមាតិកាផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមានសកម្មភាពផុសផុសយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ ខណៈមាតិកាខ្លះបានផ្ដល់ជាផលវិជ្ជមាន តែក៏មានមាតិកាខ្ល…

ពិភពលោកកំពុងរង់ចាំអ៊ុតមើលសេចក្ដីសម្រេចរបស់តុលាការកំពូលអាម៉េរិក លើជោគវាសនាពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ

ពេលនេះពិភពលោកកំពុងរង់ចាំអ៊ុតមើលសេចក្ដីសម្រេចរបស់តុលាការកំពូលអាម៉េរិក លើសំណុំរឿងពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ដាក់លើបណ្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ