វិស័យថាមពល

តម្លៃហ្គាសឡើងថ្លៃជំរុញឱ្យអ្នករត់កង់បីចង់បញ្ឈរជើង ខណៈអ្នកជំនាញស្នើឱ្យក្រុមហ៊ុនកក់ការធ្វើដំណើរតាម App បញ្ចុះថ្លៃជើងសារ


តម្លៃប្រេងឥន្ធនៈ និងហ្គាស ដែលកំពុងហក់ឡើងខ្ពស់ឥតឈប់ឈរទាំងនៅលើទីផ្សារអន្តរជាតិ និងនៅកម្ពុជា កំពុងក្លាយជាសម្ពាធដ៏ធ្ងន់ធ្ងរមកលើជីវភាពពលរដ្ឋ ជាពិសេសអ្នកប្រកបរបរដឹកជញ្ជូនដូចជាអ្នករត់តុកតុកជាដើម។ នៅចំពោះមុខវិបត្តិនេះ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមបានអំពាវនាវឱ្យរដ្ឋាភិបាល រួមទាំងក្រុមហ៊ុនផ្ដល់សេវាកក់ការធ្វើដំណើរតាមប្រព័ន្ធអនឡាញ ឬតាម App ដាក់ចេញនូវយន្តការបន្ថែម ដើម្បីជួយសម្រួលដល់អ្នករកស៊ីក្នុងវិស័យ នេះ បើពុំដូច្នោះទេ ពួកគេអាចប្រឈមនឹងការបោះបង់របរនេះ។
វិស័យថាមពល
ដោយ

​​លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគូសបញ្ជាក់ថា ការហក់ឡើងតម្លៃហ្គាស បាន និងកំពុងវាយប្រហារប្រាក់ចំណូលរបស់អ្នករត់កង់បី និងអ្នកដឹកជញ្ជូន។ ទន្ទឹមនឹងនេះ លោកទទូចឱ្យក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរតាមប្រព័ន្ធអនឡាញ ឬតាម App នានា ពិចារណាបន្ធូរបន្ថយកម្រៃជើងសារឱ្យមកនៅកម្រិតទាបបំផុត និងកែសម្រួលតម្លៃសេវាដឹកជញ្ជូនឱ្យសមស្របតាមទីផ្សារជាក់ស្ដែង ដើម្បីជួយអ្នកបើកបរឱ្យមានលទ្ធភាពទប់ទល់នឹងការចំណាយ។ ជាមួយគ្នានេះ លោក ស្នើឱ្យរដ្ឋាភិបាលគួរមានយន្តការជាក់លាក់ ដើម្បីការពារកុំឱ្យអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្លាក់ក្នុងវិបត្តិជីវភាពកាន់តែជ្រៅ។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា នៅក្នុងបរិបទនេះ រដ្ឋាភិបាលកម្ពុជាគួរមានយន្តការបន្ថែមពីលើយន្តការ ដែលបានដាក់ចេញនាពេលកន្លងមក ខណៈការឡើងថ្លៃខ្ពស់នៃឧស្ម័នហ្គាសកំពុងបង្កបញ្ហាប្រឈមកាន់តែខ្លាំងដល់អ្នកអ្នករត់កង់បី និងតាក់ស៊ី និងអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងៗទៀត។ បន្ថែមពីលើនេះ លោកយល់ថា ក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរតាម App រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតគួររួមគ្នាបន្ធូរបន្ថយប្រាក់ចំណេញខ្លះ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមរបស់អ្នករកស៊ីដឹកជញ្ជូន ដែលប្រើប្រាស់ហ្គាស។

គួរបញ្ជក់ថា វិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា និងការរំខានដល់នាវាដឹកជញ្ជូនប្រេងនៅច្រកសមុទ្រ Hormuz បានជំរុញឱ្យតម្លៃថាមពលហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ ដែលកត្តានេះធ្វើឱ្យក្រុមអ្នករត់កង់បីនៅរាជធានីភ្នំពេញត្អូញត្អែរថា ចំណូលបច្ចុប្បន្នបានត្រឹមតែទប់ទល់ថ្លៃហ្គាស និងអាហារប្រចាំថ្ងៃប៉ុណ្ណោះ។ ក្រុមអ្នកបើកបរបានព្រមានថា ប្រសិនបើគ្មានការជួយអន្តរាគមន៍ទប់ស្កាត់តម្លៃហ្គាស ឬការដំឡើងថ្លៃសេវាពីក្រុមហ៊ុន App ទេនោះ ពួកគេប្រហែលជាត្រូវបង្ខំចិត្តបញ្ឈរកង់បីទុកចោល ដោយសារការរកចំណូលលែងសមនឹងការចំណាយ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋកំណត់ថ្លៃលក់ហ្គាស ដើម្បីទប់ស្កាត់ឈ្មួញឆ្លៀតឱកាសកុំឱ្យដំឡើងថ្លៃហួសហេតុ

ទីផ្សារហ្គាសនៅកម្ពុជា កំពុងជួបភាពមិនប្រាកដប្រជា ខណៈតម្លៃលក់រាយបានហក់ឡើងខ្ពស់ខុសៗគ្នាគួរឱ្យកត់សម្គាល់ ពិសេសបន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់ធំមួ…

សមរភូមិក្តៅនៅតំបន់មជ្ឈិមបូព៌ាកំពុងអង្រួនសេដ្ឋកិច្ចសកល និងរុញច្រានប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមនៅលើពិភពលោកប្រឈមនឹងការដួលរលំ!

អង្គការពាណិជ្ជកម្មពិភពលោក (WTO) កំពុងតែឈរនៅត្រង់ចំណុចរបត់ដ៏គ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាននោះទេ ចំពេលដែលសមរភូមិក្តៅនៅមជ្ឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ