ហេដ្ឋារចនាសម្ព័ន្ធ

អ្នកជំនាញស្នើឱ្យសាលាក្រុងភ្នំពេញ ប្រើកណ្តាប់ដៃដែកលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ និងចំណែកផ្លូវធ្វើអាជីវកម្មទូទាំងរាជធានីភ្នំពេញ


រដ្ឋបាលរាជធានីភ្នំពេញ កំពុងដុតដៃដុតជើងអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចើមផ្លូវតាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញផ្សារដើមគ និងនាគមាស ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពជុំវិញនោះ។ អ្នកតាមដានស្ថានការណ៍សង្គមបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះវិធានការនេះ ប៉ុន្តែស្នើឱ្យសាលាក្រុងគួរតែពង្រីកវិធានការនេះឱ្យបានទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវតម្លាភាពសង្គម និងលើកកម្ពស់សោភណភាពទីក្រុងភ្នំពេញទាំងមូលឱ្យស្របតាមស្តង់ដាទីក្រុងទំនើប។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានលើកឡើងថា ការរំដោះចិញ្ចើមផ្លូវ និងចំណែកផ្លូវនៅតំបន់ជុំវិញផ្សារដើមគ និងផ្សារនាគមាស គឺជាចំណាត់ការមួយល្អ បើទោះបីមានអាជីវករមួយចំនួននៅតែមិនទាន់យល់ព្រមជាមួយចំណាត់ការនេះក៏ដោយ។ សម្រាប់អ្នកជំនាញរូបនេះ រដ្ឋបាលរាជធានីភ្នំពេញ គួរដល់ពេលហើយ ដែលត្រូវរំដោះចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំងអស់ក្នុងក្រុងភ្នំពេញ ដើម្បីឆ្លើយតបជាមួយចក្ខុ​វិស័យក្នុងការលើកកម្ពស់សោភណ្ឌភាពទីក្រុងភ្នំពេញ។ តែយ៉ាងណាលោកជឿជាក់ថា វិធានការនេះចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋមួយចំនួនដែលធ្លាប់ទទួលបានផលប្រយោជន៍ពីការរំលោភចិញ្ចើមផ្លូវសារធារណៈ។

​ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបង្ហាញការគាំទ្រចំពោះវិធានការរៀបចំសណ្តាប់ធ្នាប់លក់ដូរនៅតំបន់ជុំវិញផ្សារដើមគរបស់រដ្ឋបាលរាជធានីភ្នំពេញ តែលោកក៏បានបង្ហាញកង្វល់ចំពោះជីវភាពរបស់ពលរដ្ឋអ្នកលក់ដូរតូចតាច ដែលរងផលប៉ះពាល់ផងដែរ។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានលើកជាយោបល់ថា រដ្ឋបាលរាជធានីភ្នំពេញ គួរអនុវត្តវិធានការនេះ នៅតំបន់នានាទូទាំងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភណភាពទីក្រុងដែលជាបេះដូងរបស់កម្ពុជា​។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានស្នើដល់ភាគីពាក់ព័ន្ធគួរតែអនុវត្តវិធានការដូចគ្នានលើទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន ឬអគារធំៗមួយចំនួនដែលបានសាងសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋទូទៅ។

​ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់អាជីវករដែលកំពុងលក់ដូរលើចិញ្ចើមផ្លូវ ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះ និងបាត់បង់សណ្ដាប់ធ្នាប់។ ជាដំណោះស្រាយ សាលាក្រុងបានដាក់ចេញនូវជម្រើសមួយចំនួនសម្រាប់អាជីវករនៅតំបន់ផ្សារដើមគ ដូចជា ការផ្លាស់ប្តូរទៅលក់នៅទីតាំងផ្សារដើមគថ្មី និងស្វែងរកទីតាំងឯកជនផ្សេងទៀត ដែលមិនប៉ះពាល់ដល់ផ្លូវសាធារណៈ។ បន្ថែមពីលើនេះ សម្រាប់ក្រុមអាជីវករ ដែលមានជីវភាពខ្វះខាតខ្លាំងរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសន្យានឹងផ្តល់​ការឧបត្ថម្ភជាស្បៀងអាហារ ដើម្បីសម្រួលដល់ការលំបាកក្នុងដំណាក់កាលអន្តរកាល នៃការរៀបចំសណ្ដាប់ធ្នាប់ថ្មីនេះផងដែរ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ប័ណ្ណជំនាញ ជាកម្មវិធីថ្នាក់ជាតិថ្មី និងដំបូងគេបង្អស់ ដើម្បីបង្កើនជំនាញ, ចំណូល និងឱកាស ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងគណ…

លោក ដូណាល់ ត្រាំ ចង់ឱ្យប្រទេសនានា បង់វិភាគទាន១ពាន់លានដុល្លារ សម្រាប់កៅអីអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិភាព

ប្រធានាធបិតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលកំពុងក្ដាប់អំណាចជាន់ផ្អៀងពិភពលោក បានដាក់ចេញនូវលក្ខខណ្ឌថ្មីមួយ ដោយតម្រូវឱ្យប្រទេសនានា ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ