
ជាមួយគ្នានេះ RGPPSEZ បន្តឈរឈ្មោះជាមជ្ឈមណ្ឌលឧស្សាហកម្ម និងវិនិយោគដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ទីតាំងយុទ្ធសាស្ត្រដ៏មានសក្តានុពល និងការគ្រប់គ្រងដ៏សកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ បានជំរុញឱ្យមានដំណើរការផលិតកម្ម និងការដឹកជញ្ជូនដោយមិនមានការរំខានសម្រាប់អ្នកវិនិយោគអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ តម្លៃនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេសនេះ គឺមានចំនួនទឹកប្រាក់ ១.៥ពាន់លាន ដុល្លារ។ តួលេខនេះ អាចនឹងកើនលើសពី ២ពាន់លានដុល្លារនៅចុងឆ្នាំ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ និងចំពេលដែលមានស្ថានភាពតានតឹង តម្លៃនៃការនាំចេញរបស់យើងទៅកាន់ប្រទេសថៃគឺ ១៤៥លានដុល្លារ ឬ ៩.៧២% ហើយទៅកាន់សហរដ្ឋអាមេរិកគឺ ៤២៣លានដុល្លារ ឬ ២៨.៤៤%។ ចាប់តាំងពីចំនុចផ្តើមនៃភាពតានតឹងនៅតាមព្រំដែន និងការអនុវត្ត ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក តម្លៃនៃការនាំចេញទៅកាន់ប្រទេសថៃ និងសហរដ្ឋអាមេរិក មិនបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ណាមួយឡើយ។ ចំណែកឯតម្លៃនាំចេញទៅគោលដៅផ្សេងទៀតដែលរួមបញ្ចូលគ្នា បានឈានដល់ចំណុចខ្ពស់បំផុតមួយក្នុងខែកញ្ញា។


ជាងនេះទៅទៀត ចាប់ពីការចាប់ផ្តើមនៃភាពតានតឹងនៅតាមបណ្តោយព្រំដែន ក្នុងខែមិថុនា រហូតមកដល់បច្ចុប្បន្ននេះ RGPPSEZ បានទទួលកម្មករជាង ១០,០០០នាក់ ឱ្យចូលបម្រើការងារក្នុងតំបន់ដោយជោគជ័យ។ នេះឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្ត ចូលរួមចំណែករបស់ RGPPSEZ ជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសការងារដល់ពលករកម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។
RGPPSEZ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងដឹកនាំ និងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើននៅគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្ម និងតែងតែផ្តល់ការគាំទ្រជានិច្ច ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាពនៃ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ RGPPSEZ។


អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Royal Group Phnom Penh SEZ PIc. “បាលលើកឡើងថា ពេលមានវិបត្តិកើតឡើង មិនមែនជាពេលដែលត្រូវសួរថា “ហេតុអ្វីចាំបាច់ត្រូវជាខ្ញុំ?” នោះទេ។ ប៉ុន្តែវាដល់ពេលវេលា ដែលត្រូវសួរខ្លួនឯងថា “តើអ្វីជាជំហានបន្ទាប់របស់ខ្ញុំ?” ទៅវិញនោះទេ ។ ការគិតបែបវិជ្ជមាន គឺមិនមែនការព្រងើយកន្តើយចំពោះ បញ្ហានោះទេ ផ្ទុយទៅវិញ វាជាការជ្រើសរើសជឿជាក់ទៅលើអំណាចនៃការឆ្លើយតបរបស់យើងចំពោះបញ្ហានោះ ដោយមិនមែនជាការបញ្ចេញត្រឹមតែប្រតិកម្មនោះទេ។ សារនេះបានជំរុញកម្លាំងចិត្ត និងផ្តល់ឥទ្ធិពលដ៏វិជ្ជមានដល់គម្រោងសកម្មភាពរបស់ RGPPSEZ ក្នុងការបន្តទទួលយកបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតប។ យើងខ្ញុំរក្សាការប្តេជ្ញាចិត្ត ហើយយើងខ្ញុំក៏មានមោទនភាពដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងផងដែរ។”


សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ឬ Royal Group Phnom Penh Special Economic Zone (RGPPSEZ) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦មក ជាមួយនឹងចក្ខុវិស័យនៃការបង្កើតមជ្ឈមណ្ឌលឈានមុខគេ សម្រាប់ ក្រុមហ៊ុនផលិត ឬ កម្មន្តសាលនៃឧស្សាហកម្មចម្រុះ ហើយស្របពេលគ្នានេះដែរ ក៏បង្កើតឱកាសការងារសំខាន់ៗសម្រាប់ ប្រជាជនកម្ពុជាផងដែរ។
ជិត២០ឆ្នាំក្រោយមក យើងខ្ញុំមានមោទនភាព ដែលឃើញតំបន់នេះបានរីកដុះដាលមកដល់ចំណុច បច្ចុប្បន្ន។ សព្វថ្ងៃនេះ យើងបានទទួលវិនិយោគិន ដែលជាក្រុមហ៊ុនផលិតកម្មចំនួន៩១ និងក្រុមហ៊ុនមិនមែនផលិតកម្ម ចំនួន២៩ក្រុមហ៊ុន មកពីប្រទេសចំនួន១៥លើសាកលលោក ដែលផ្តល់ការងារដល់កម្មករចំនួន៥៥,០០០នាក់ នៅក្នុង ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ មានសារៈសំខាន់ចំពោះការរីកចម្រើនរបស់ប្រទេសជាតិ។ ក្នុងចំណោមក្រុមហ៊ុនទាំង ១២០នេះ យើងខ្ញុំបានទាក់ទាញ ក្រុមហ៊ុនថ្មីពីប្រទេសចិន ចំនួន១០ក្រុមហ៊ុន និងពីប្រទេសជប៉ុន ចំនួន២ក្រុមហ៊ុន មកបណ្តាក់ទុន នៅក្នុងតំបន់របស់យើងខ្ញុំ ត្រឹមតែក្នុងឆ្នាំ២០២៥មួយប៉ុណ្ណោះ៕


