លោក អះម៉ាត់ អាល់ខាទីប (Ahmad Al-Khateeb) រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់អារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអង្គារ ថា អារ៉ាប៊ីសាអូឌីតកំពុងសម្របខ្លួន និងខិតខំធ្វើយ៉ាងណាអភិវឌ្ឍន៍តំបន់ទេសចរណ៍របស់ខ្លួនឱ្យស្របតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរនៅអាស៊ីដូចជាចិន ជប៉ុន សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។ ពេលនេះអារ៉ាប៊ីសាអូឌីត បានទាក់ទងជាមួយភ្នាក់ងារទេសចរណ៍ជាច្រើន ដើម្បីស្វែងយល់បន្ថែមអំពីអ្នកធ្វើដំណើរអាស៊ី និងយល់អំពីអ្វីដែលពួកគេត្រូវការនៅពេលពួកគេធ្វើដំណើរ។
ដើម្បីបម្រើភ្ញៀវទេសចរមកពីអាស៊ីឱ្យបានកាន់តែប្រសើរលោក អាល់ខាទីប បាននិយាយថា អារ៉ាប៊ីសាអូឌីតកំពុងកែលម្អការតភ្ជាប់ជើងហោះហើរ និងបានណែនាំវិធានការមួយចំនួន ដើម្បីធ្វើឱ្យការធ្វើដំណើរទៅកាន់ប្រទេសនេះកាន់តែងាយស្រួល និងកាន់តែរីករាយជាងមុន។ ជាមួយគ្នានេះប្រទេសនេះ ក៏មានគម្រោងសាងសង់កន្លែងស្នាក់នៅតម្លៃទាបផងដែរ។
ប្រទេសចិនបាននាំមុខគេក្នុងទីផ្សារទេសចរណ៍នៅអារ៉ាប៊ីសាអូឌីត ដោយចំនួនអ្នកទេសចរចិន ដែលបានទៅលេងប្រទេសនេះត្រូវបានគេរំពឹងថា នឹងឈានដល់កន្លះលាននាក់នៅឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៣ ប្រទេសនេះទទួលបានភ្ញៀវទេសចរចិនប្រមាណ១០ម៉ឺននាក់ប៉ុណ្ណោះ។
ដោយមានគោលដៅទាក់ទាញអ្នកទេសចរចិនឱ្យបានចំនួន៥លាននាក់នៅត្រឹមឆ្នាំ២០៣០ ទីក្រុងរីយ៉ាដ កំពុងពង្រឹងការខិតខំរបស់ខ្លួនក្នុងការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហការជាមួយភ្នាក់ងារទេសចរណ៍ផ្សេងៗឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
ដោយ៖ សុខ មង្គល