 
      ពានរង្វាន់នេះត្រូវបានផ្តល់ជូនត្រឹម តែ ៣ ប៉ុណ្ណោះ សម្រាប់ បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ដែលជាការទទួលស្គាល់ចំពោះ ភាពសកម្មក្នុងប្រតិបត្តិការ ឯករាជ្យភាព តម្លាភាព ប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រងមូលនិធិសាធារណៈ តាមរយៈ SDF ដែលបង្ហាញពីបែបផែន បរធនបាល សាធារណៈដែលមានទំនុកចិត្តខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាពអនុវត្ត និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ពានរង្វាន់នេះ បញ្ជាក់ពីសមិទ្ធផល និងភាពជោគជ័យថ្មីមួយបន្ថែមទៀត ក្នុងការអនុវត្តបេសកកម្មរបស់ SDF ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា និងជាពិសេសផ្តល់ទំនុកចិត្តកាន់តែខ្ពស់ជូនវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមវិនិយោគលើកការអភិវឌ្ឍជំនាញ បង្កើនមូលធនមនុស្សប្រកបគុណភាព ដើម្បីរក្សាបាននូវភាពធន និងការប្រកួតប្រជែងក្នុងទីផ្សារ។
គួររម្លឹកផងដែរថា SDF ត្រូវបានបង្កើតឡើងជា បរធនបាលកិច្ចសាធារណៈ (National Trust Fund) ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធពីវិស័យសាធារណៈ និងវិស័យឯកជន ក្នុងគោលបំណងចម្បងជំរុញភាពជាដៃគូពិតប្រាកដរវាងឧស្សាហកម្ម (វិស័យឯកជន) និងគ្រឹះស្ថានបណ្ដុះបណ្ដាល (រដ្ឋ ឯកជន និងអង្គការ) ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញ ឱ្យត្រូវតាមតម្រូវការឧស្សាហកម្ម និងទីផ្សារការងារ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងធុរកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
 
       
       
       
       
       
       
       
       
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              