ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពី “ឧត្តមភាពនៃមូលធនមនុស្សឆ្នាំ ២០២៦” (HCM Excellence Conference 2026) នៅរដ្ឋផ្លរីដា ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ SDF ព្រមទាំងឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃ SDF បានអញ្ជើញទទួលពានរង្វាន់ដ៏មានកិត្តិយសនេះជាផ្លូវការ។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាលទ្ធផលនៃការវាយតម្លៃ យ៉ាងម៉ត់ចត់ពីសំណាក់អ្នកជំនាញអន្តរជាតិ លើគុណភាព និងប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ SDF ដែលឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងតម្រូវការទីផ្សារការងារ (Demand-driven) និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសក្នុងតំបន់អាស៊ាន មានប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ។ល។
កម្មវិធីប្រគល់ពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិត្រូវបានរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក នឹងមានអ្នកចូលរួមប្រមាណ ៥០០ នាក់ ដែលជាតំណាងមកពី ២០០ ស្ថាប័ន នៃបណ្តាប្រទេសចំនួន ២០ ជុំវិញសកលលោក។ ក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិល្បីៗចូលរួមទទួលរង្វាន់ផងដែរ រួមមាន៖ Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, និង McDonald, ។ល។
ក្រៅពីពិធីប្រគល់ពានរង្វាន់ ថ្នាក់ដឹកនាំ SDF ក៏បានចូលរួមសិក្សាស្វែងយល់ពីនិន្នាការសកលសំខាន់ៗដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថលដែលបានរៀបចំឡើងដោយ Brandon Hall Group រួមមាន៖
១.ការធ្វើទំនើបកម្មជ្រើសរើសបុគ្គលិកផ្អែកលើសមត្ថភាព (Skills-Based): ដើម្បីជំរុញការផ្លាស់ប្តូរ និងការរីកចម្រើននៃតួនាទីបុគ្គលិកក្នុងស្ថាប័ន និងកាត់បន្ថយចំណាយ។
២.អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) និង ការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាព (L&D): ប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងការបង្វឹកបញ្ញាសិប្បនិម្មិត (AI Coaching) ដើម្បីជាជំនួយក្នងការវិភាគទិន្នន័យ និងជួយសម្រួលដល់ការអនុវត្តការងារ និងស្វ័យប្រវត្តិកម្មលើការវាយតម្លៃ។
៣. ការកសាងសមត្ថភាពថ្នាក់ដឹកនាំក្នុងសម័យឌីជីថល: ការពង្រឹង "Executive Presence" (ដែលសំដៅលើឥរិយាបថ ភាពជឿជាក់ និងសមត្ថភាពទំនាក់ទំនងដែលមានឥទ្ធិពលរបស់ថ្នាក់ដឹកនាំ) និងភាពបត់បែនស្របតាម ការវិវត្តយ៉ាងគំហុក នៃបរិបទការងារ។
៤. វដ្តនៃឧត្តមភាពនៃសមត្ថភាពបុគ្គលិក (Virtuous Talent Cycle): ការផ្សារភ្ជាប់ និងជំរុញការអភិវឌ្ឍជំនាញ ការផ្តល់ប្រឹក្សាយោបល់ និងការអនុវត្តជាក់ស្តែង ដែលបង្កើតជាវដ្តនៃការអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារខ្ពស់បំផុត។
សូមបញ្ជាក់ផងដែរថា យោងតាមទិន្នន័យវាយតម្លៃដោយក្រុមការងារអន្តរក្រសួង និងស្ថាប័នឯករាជ្យកម្មវិធីដែល SDFបានគាំទ្រ កន្លងមកបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ចំពោះភាគីពាក់ព័ន្ធ ដោយក្នុងនោះអត្រាបញ្ចប់វគ្គសិក្សាសម្រេចបាន ៩៦%, អត្រាមានការងារធ្វើ ៨៨%, ប្រាក់ខែកើនឡើងជាមធ្យម ២០%, និងអត្រាពេញចិត្តរបស់និយោជកប្រមាណ ៨៥%។ ចំពោះផលជះក្រោយវគ្គបណ្តុះបណ្តាលវិញ SDF សម្រេចបាននូវអត្រាស្ថិរភាពការងារបុគ្គលិក ៩៦%, បុគ្គលិកកាត់បន្ថយកំហុសនៃការអនុវត្ដការងារ ៥៦%, ការរីកចម្រើនក្នុងអាជីព ៨៩%, ការរក្សាបុគ្គលិក (Job Retention) ៨០%, និងការកើនឡើងនូវសមត្ថភាពការងាររបស់បុគ្គលិកប្រមាណ ៧១% ដែលសបញ្ជាក់ឱ្យឃើញពីការជឿជាក់យ៉ាងខ្លាំងពីសំណាក់វិស័យឯកជន៕