អ្នកនេសាទ

តើមុខរបរនេសាទគ្រឿងសមុទ្រកំពុងជួបបញ្ហាប្រឈមអ្វីខ្លះ ក្រោយតម្លៃម៉ាស៊ូតហក់ឡើងខ្ពស់?


វិបត្តិប្រេងឥន្ធនៈសកល ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ាមិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្លូវគោកប៉ុណ្ណោះទេ សូម្បីតែប្រជានេសាទគ្រឿងសមុទ្រនៅខេត្តកែប ក៏កំពុងត្អូញត្អែរយ៉ាងខ្លាំងពីការខាតបង់ផងដែរ។ បច្ចុប្បន្នអ្នកនេសាទខ្លះសម្រេចចិត្តបញ្ឈរទូកចោល ខណៈអ្នកខ្លះទៀតបង្ខំចិត្តចេញទូកទាំងមិនច្បាស់ថា ចំណូលដែលរកបានអាចទូទាត់ថ្លៃប្រេងម៉ាស៊ូត ដែលឡើងថ្លៃទ្វេដងបានឬក៏អត់។
អ្នកនេសាទ
ដោយ

លោក ស៊ូ យូហាន អ្នកនេសាទគ្រឿងសមុទ្រម្នាក់នៅខេត្តកែប បានលើកឡើងថា បន្ទាប់ពីតម្លៃប្រេងម៉ាស៊ូតបានហក់ឡើងជាបន្តបន្ទាប់បានធ្វើឱ្យប៉ះពាល់ដល់ការនេសាទគ្រឿងសមុទ្ររបស់លោក និងអ្នកផ្សេងទៀតយ៉ាងខ្លាំង ខណៈមានអ្នកខ្លះបានបញ្ឈរទូកចតចោល ហើយមានអ្នកខ្លះទៀតចុះទូកទៅនេសាទទាំងមិនមានសង្ឃឹមថា អាចទូទាត់ជាមួយថ្លៃចំណាយលើប្រេងឥន្ធនៈបានឬអត់។ លោកបញ្ជាក់ថា បើទោះជាថ្លៃប្រេងហក់ឡើងខ្ពស់ ប៉ុន្តែគ្រឿងសមុទ្រ ដែលរកបាននៅតែត្រូវលក់ឱ្យម៉ូយក្នុងតម្លៃថេរដដែល ដោយមិនហ៊ានដំឡើងថ្លៃតាមចិត្តចង់ឡើយ ព្រោះបារម្ភខ្លាចគ្មានអ្នកទិញ។ ជាក់ស្តែងបង្គាតូចលក់បានត្រឹមតែជាង១ម៉ឺនរៀល និងបង្គាធំចន្លោះពី២ម៉ឺនទៅ២ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះ លោក ស្នើឱ្យភាគីពាក់ព័ន្ធជួយធ្វើយ៉ាងណាឱ្យតម្លៃប្រេងម៉ាស៊ូតសម្រាប់លក់ឱ្យអ្នកនេសាទធ្លាក់ចុះជាងនេះបន្តិច។

ប្រជានេសាទនៅខេត្តកែបម្នាក់ទៀតលោក ឡុង ប៉ែល បានអះអាងថា ចាប់តាំងពីតម្លៃប្រេងម៉ាស៊ូតបានហក់ឡើងខ្លាំង វាបានបង្កការរំខាន និងទាញទម្លាក់ប្រាក់ចំណូលពីការទៅនេសាទគ្រឿងសមុទ្ររបស់លោកឱ្យធ្លាក់ចុះ។ ទោះបីប្រាក់ចំណូលមានការធ្លាក់ចុះក៏ដោយ តែលោកអះអាងថា លោកមិនអាចផ្អាកចុះទូកទៅនេសាទបានឡើយ ដោយសារមានតម្រូវការចំណាយប្រចាំថ្ងៃ ទោះបីប្រឈមការខាតយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ក្នុងកាលៈទេសៈបច្ចុប្បន្នប្រជានេសាទគួរតែលក់ដំឡើងថ្លៃគ្រឿងសមុទ្រក្នុងកម្រិតមួយដែលមិនខាតបង់ និងស្នើឱ្យរដ្ឋគួរសិក្សាពីលទ្ធភាពលើកលែងការយកថ្លៃភាស៊ីដល់អាជីវករលក់គ្រឿងសមុទ្រនៅតាមផ្សារ ដើម្បីឱ្យពួកគេមានលទ្ធភាពអាចលក់គ្រឿងសមុទ្រក្នុងតម្លៃសមរម្យ។ តែយ៉ាងណាអ្នកជំនាញរូបនេះមើលឃើញថា បញ្ហាប្រេងឥន្ធនៈនេះបានក្លាយជាលំហាក់មួយសម្រាប់ប្រទេសតូចៗដូចជាកម្ពុជា ឱ្យរៀនអភិវឌ្ឍប្រទេសក្នុងគ្រាដ៏លំបាកនេះ។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហាវិបត្តិប្រេងឥន្ធនៈជាសកលនេះកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដោយសម្រេចចាត់ទុកអាករលើតម្លៃបន្ថែម (VAT) ១០% លើការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG ជាបន្ទុករបស់រដ្ឋទាំងស្រុង។ ការដាក់ចេញវិធានការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ថ្លៃដើមផលិតកម្មក្នុងស្រុក៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ការនាំចូលទំនិញពីថៃ តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្លាក់ចុះជាង ២០% នៅត្រីមាសទី១ឆ្នាំនេះ

តុល្យភាពពាណិជ្ជកម្មរវាងកម្ពុជា និងថៃតាមផ្លូវសមុទ្រកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទិន្នន័យពីកំពង…

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃសំបុត្រពិសេសសម្រាប់ការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពេញមួយរដូវក្តៅ

ភ្នំពេញ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងបង្កើនជម្រើសធ្វើដំណើរសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជាដែលមានបំណងធ្វើដំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ