ផ្សារមូលបត្រកម្ពុជា

ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីមួយនៅចុងឆ្នាំនេះ ដែលនឹងធ្វើឱ្យការជួញដូរភាគហ៊ុនកាន់តែសម្បូរបែប


ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនមួយបន្ថែមទៀតនៅចុងឆ្នាំ២០២៥ នេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យការជួញដូរភាគហ៊ុននៅកម្ពុជា កាន់តែមានភាពសម្បូរបែប។ មេផ្សារហ៊ុនកម្ពុជា រំពឹងថា តាមរយៈក្រុមហ៊ុនចុះបញ្ជីថ្មីនេះវានឹងជួយជំរុញកំណើនបើកគណនីជួញដូរឱ្យឈានដល់៧ម៉ឺនគណនីនៅត្រឹមដំណាច់ឆ្នាំនេះ។ មកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៥ និងអាចកៀរគរទុនពីទីផ្សារបានប្រមាណ៦៥០លានដុល្លារអាម៉េរិក។
ផ្សារមូលបត្រកម្ពុជា
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជានឹងចុះបញ្ជីក្រុមហ៊ុនបោះផ្សាយភាគហ៊ុនថ្មីមួយទៀត ដែលនឹងធ្វើឱ្យការចុះបញ្ជីកើនឡើងដល់២៦ក្រុមហ៊ុន។ ​មេផ្សារហ៊ុនចាត់ទុកការចុះបញ្ជីរបស់ក្រុមហ៊ុននេះ ជាសញ្ញារីកចម្រើនមួយនៅក្នុងផ្សារហ៊ុនកម្ពុជា ទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោករួមទាំងកម្ពុជា ស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ រំពឹងថា ការបើកគណនីជួញដូរនឹងមានការកើនឡើងដល់៧ម៉ឺនគណនីនៅដំណាច់ឆ្នាំនេះ ខណៈទំហំនៃការជួញដូរនឹងអាចចាប់ផ្ដើមមានការកើនឡើងវិញនៅក្នុងឆ្នាំ២០២៦ ខាងមុខ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា ចាប់តាំងពីបានចូលរួមបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា រួចមក ភាគហ៊ុនិករបស់ ធនាគារអេស៊ីលីដា មានការកើនឡើងជិត១០ដង ខណៈសកម្មភាពជួញដូរភាគហ៊ុន ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

បើតាមឯកឧត្តម ហុង សុហួរ មកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៥ ក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនចុះបញ្ជីជាសញ្ញាបណ្ណចំនួន១៤ និងអាចកៀរគរទុនពីទីផ្សារប្រមាណ៦៥០លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ការលើកឡើងរបស់មេផ្សារហ៊ុន និងថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ខាងលើធ្វើឡើងក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ ២០២៥ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ ស៊ីអេសអ៊ិចត្រេត (CSX Trade) ជំនាន់ទី២។ ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងជំរុញការសិក្សាស្វែងយល់ របស់សាធារណជន អំពីកាលានុវត្តភាពវិនិយោគ ក្នុងទីផ្សារមូលបត្រកម្ពុជា ដែលជាផ្នែកមួយក្នុងការបង្កើនសមត្ថភាព និង ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និង វិនិយោគ៕

អត្ថបទ៖ បូ ដូឡា,រូបភាព សេង វិន




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ