
កាលពីថ្ងៃទី២៦ ខែមិថុនា ឧត្តមសេនីយ៍ឯកលោក ផៃសាន នូសាង (Paisan Nusang) មេបញ្ជាការយោធភូមិភាគទី៤នៅភាគខាងត្បូងប្រទេសថៃ បានបង្ហាញពីការចាប់ខ្លួនមនុស្សមួយចំនួននៅខេត្តទេសចរណ៍ចំនួន៣រួមមានខេត្តផាងហ្កា ប៉ាតានី និងភូកេតដោយគេបានរកឃើញសម្ភារៈផលិតគ្រាប់បែកនៅជាប់នឹងខ្លួនរបស់ពួកគេ ក្រោយទទួលបានការរាយការណ៍ពីពលរដ្ឋមូលដ្ឋាន។ ការចាប់ខ្លួននេះបានទប់ស្កាត់ផែនការបង្កៃគ្រាប់បែកជាច្រើននៅខេត្តភូកេត។
ដោយហេតុតែបុរសទាំងពីរមកពីខេត្តប៉ាតានី ដូច្នេះហើយប៉ូលិស ក៏បានបញ្ជូនពួកគេទៅកាន់ខេត្តនេះវិញ ដើម្បីសួរចម្លើយ ខណៈគេទទួលបានព័ត៌មានថា ពួកគេគ្រោងនឹងវាយប្រហារនៅទូទាំងតំបន់ឆ្នេរសមុទ្រអានដាម៉ាន (Andaman) នៅភាគខាងត្បូងប្រទេសនេះ។ អ្នកដែលបានចាប់ខ្លួនខ្លះ ក៏បានសារភាពដែរថា ពួកគេកំពុងធ្វើការងារនេះក្រោមការបញ្ជារបស់ក្រុមបះបោរ BRN ក្នុងប្រទេសក្បែរខាងមួយ ហើយគ្រោងនឹងវាយប្រហារមជ្ឈមណ្ឌលសេដ្ឋកិច្ចដូចជាខេត្តក្រាប៊ី ផាងហ្កា និងភូកេតជាដើម។
ប្រភពប៉ូលិសល្បាតព្រំដែនបានកត់សម្គាល់ថា ការសម្រេចចិត្តវាយប្រហារនៅខាងក្រៅតំបន់បះបោរជាប្រពៃណីនោះទំនងជាដោយការតែមានការពង្រឹងសន្តិសុខនៅតាមខេត្តភាគខាងត្បូង ដែលបានរារាំងផែនការវាយប្រហារជាច្រើននៅប៉ុន្មានខែថ្មីៗនេះ។ ជាលទ្ធផល ក្រុមបះបោរបានបង្វែរផែនការរបស់ពួកគេទៅកាន់តំបន់ងាយរងគ្រោះ និងតំបន់ល្បីៗ។
លោកឧត្ដមសេនីយ៍ឯក ផៃសាន បានបញ្ជាក់ថា គ្រាប់បែកដែលប៉ូលិសបានរឹបអូសទាំងនេះមិនបណ្ដាលឱ្យស្លាប់ទេ គឺគ្រាន់តែបង្កការរំខានតែប៉ុណ្ណោះ ព្រោះវាគ្រាន់តែមានចំហេះ និងគ្រាប់រំសេវ ប៉ុន្តែគ្មានអំបែងផ្ទុះនោះទេ។ ដូច្នេះហើយ អ្នកបះបោរបង្កើតគ្រាប់បែកនេះឡើងក្នុងចេតនាសាបព្រោះការភ័យខ្លាច និងភាពចលាចលប៉ុណ្ណោះ៕
ដោយ៖ សុខ មង្គល